កុំណាព្យ កុំភ្លេច
បទផ្កាឈូករីក ( ពាក្យ៧ )
កុំភ្លេចប៉ុលពតដេញពីផ្ទះ កុំភ្លេចក្មេងចាស់ស្លាប់ដាសដី
កុំភ្លេចត្បូងចបគល់ឫស្សី កុំភ្លេចប្រុសស្រីរស់ដូចសត្វ។
កុំភ្លេចពេលឃ្លានសម្លឹងថ្ងៃ កុំភ្លេចខ្លាចក្ស័យមេកងចាត់
កុំភ្លេចពេលភ្លឺមានមនុស្សបាត់ កុំភ្លេចយប់ស្ងាត់ទន្ទឹងភ្លឺ។
កុំភ្លេចបបរថ្លាយល់ទឹក កុំភ្លេចយប់ព្រឹកច្រើនជំងឺ
កុំភ្លេចស្គមហើមញាក់ញ័រព្រឺ កុំភ្លេចថ្នាំឈឺអាចម៍ទន្សាយ។
កុំភ្លេចកម្មសិទ្ធិអត់ទាំងព្រម កុំភ្លេចស្លឹកខ្ទមយប់ឃើញផ្កាយ
កុំភ្លេចកូនតូចបែកទ្រូងម្តាយ កុំភ្លេចឆ្នាំងបាយពីងពាងព័ទ្ធ។
កុំភ្លេចស្លៀកពាក់ពណ៌ស្លាបក្អែក កុំភ្លេចសង្ឃបែកបាត់ទាំងវត្ត
កុំភ្លេចអង្គការវាពង្រាត់ កុំភ្លេចបិទមាត់ដាំដើមគរ។
កុំភ្លេចស្បែកជើងពីកង់ឡាន កុំភ្លេចគ្រប់ប្រាណភ័យវឹកវរ
កុំភ្លេចរៀបការចាប់ដៃឈរ កុំភ្លេចគេភរទាំងប្រុសស្រី។
កុំភ្លេចប្រាំពីរខែមករា កុំភ្លេចជីវ៉ារស់ជាថ្មី
កុំភ្លេចគ្រប់គ្នាមានសេរី កុំភ្លេចសម្តីបន់ទេវតា៕
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៣
វ៉ែន សុន
« របៀបនិពន្ធបទផ្កាឈូករីកពាក្យ៨ »
កំណាព្យ ទោសព្រោះឆាប់
បទផ្កាឈូករីក ( ពាក្យ៨ )
ឆាប់ស្រឡាញ់ឆាប់ស្អប់ឆាប់ទឹកភ្នែក ឆាប់ជជែកឆាប់ស្រប់ឆាប់អាស្រូវ
ឆាប់តែជឿឆាប់ចោទឆាប់ចែកផ្លូវ ឆាប់ក្រញ៉ូវឆាប់ស្រាយឆាប់បាត់ញាតិ។
ឆាប់ទទួលឆាប់ទេឆាប់កើតទុក្ខ ឆាប់យល់មុខឆាប់មិនឆាប់ភ្លាត់ស្នៀត
ឆាប់ចេះសូកឆាប់ស៊ីឆាប់ថោកជាតិ ឆាប់អរទៀតឆាប់អួតឆាប់អាប់យស។
ឆាប់ស្រែកយំឆាប់សើចឆាប់គិតខ្លី ឆាប់ហារស្តីឆាប់គឆាប់ខូចឈ្មោះ
ឆាប់ខាងខឹងឆាប់ជាឆាប់ខាងឈ្លោះ ឆាប់ទ្រគោះឆាប់បាត់ឆាប់ចិត្តស្រាល។
ឆាប់ញ៉េះញ៉ោះឆាប់ងរឆាប់មាយា ឆាប់និន្ទាឆាប់ស្ងើចឆាប់ផ្ចាញ់ផ្ចាល
ឆាប់តែហ៊ានឆាប់ខ្លាចឆាប់ខូចកាល ឆាប់ឈឺឆ្អាលឆាប់គេចឆាប់ខកចិត្ត។
ឆាប់លើកខ្លួនឆាប់ដាក់ឆាប់គេដៀល ឆាប់ចិត្តពាលឆាប់ពេបឆាប់ក្បត់ផិត
ឆាប់រាក់ទាក់ឆាប់ឆ្មើងឆាប់បាត់ស្និទ្ធ ឆាប់អាណិតឆាប់ណាយឆាប់មានថ្មី។
ឆាប់ភ្លេចពង្សឆាប់ពើងឆាប់គេស្អប់ ឆាប់ដាល់តប់ឆាប់ញ៉មឆាប់អប្រិយ
ឆាប់ចាក់ចុចឆាប់ជឿឆាប់គិតខ្លី ឆាប់មានស្រីឆាប់ស្រើបឆាប់រោគស្រាល៕
និពន្ធដោយ
វ៉ែន សុន
របៀបនិពន្ធបទពាក្យ៧ ( ធម្មតា )
កំណាព្យ នឹកស្តាយកវីនិពន្ធ និង សិល្បករខ្មែរល្បីៗ
បទពាក្យ៧
នេះនឹងរំលឹកនឹកសិល្បៈ មុនឆ្នាំបែកបាក់ប្រាសព្រាត់គ្នា
កវីនិពន្ធកម្ពុជា មុនប៉ុល ពតវាកៀរប្រល័យ ។
រាមកេរ្តិ៍និទានមានតាគ្រុឌ ស៊ិន ស៊ីសាមុត ច្រៀងសម័យ
មានអ្នកច្រៀងឈូងហៅស្របកៃ ស្មៀនឈិនអាយ៉ៃសារ៉ាំប៉ាក់ ។
អ្នកស្មូត្រល្បីតាបាឡាត់អ៊ុន លោកសាំង សារុន ល្ខោនបាសាក់
ចេកម៉ាចតួនាងសៀងថ្នមថ្នាក់ ជាងសយធ្វើប្រាក់ល្បីគ្រប់ទី ។
គំនូរល្អឯកល្បី ញ៉ឹក ឌឹម យីកេចូកគ្រឹមល្បី តាឃី
វិទ្យុជាតិមាន ម៉ា ឡៅពី ល្បីគ្រប់ពិធីពោលពិរោះ ។
វិយូឡុងមាស ហាស់ សាឡន មហាសាម៉ន អានល្បីឈ្មោះ
ផ្សាយវិទ្យុជាតិញាតិខ្លាចហួស យប់ឡើងស្តាប់ព្រោះពាក្យក្បោះក្បាយ។
ក្រមង៉ុយហៅអ៊ូយូរល្បីជាង សាយដៀវដេញច្រៀងចោទដោះស្រាយ
កំណាព្យអប់រំញាតិជិតឆ្ងាយ ដៃគូពីរកាយជំទប់សាន់ ។
ក្រោយមកមាសគកល្ខោននិយាយ ពាក្យកាព្យពាក្យរាយមិនប្រកាន់
សំណង់ល្បី វណ្ណ ម៉ូលីវណ្ណ មនុស្សណែនណាន់កីឡាដ្ឋាន ។
ភាពយន្តណុប ណែម / គង់ សំអឿន តួប៉ិច សាលឿន កាចក្លាហាន
តាពៅ យូឡេង តួបុរាណ ជា យុទ្ធថន បានក្បាច់គុនល្បី ។
ចាប៉ីដងវែង វោហារសែម ច្រៀង Twist ជុំ កែម ចង្វាក់ថ្មី
ឌី សាវ៉េត / វេជ្ជរ៉ា / ដានីក្តី តួស្រីភាពយន្តល្បីច្រើនគ្នា ។
បទភ្លេងទំនុក ពៅ ស៊ីផូ មែរ ប៊ុន / វ៉ោយ ហូ ខំពុះពារ
សម្តេចជួន ណាត ប្រាជ្ញមហិមា អក្សរកម្ពុជាបានកត់ត្រា ។
រីលោក នួន កន មានស្នាដៃ យើងច្រៀងសព្វថ្ងៃមានខ្លឹមសារ
ជាម្ចាស់ទំនុកបទ«សាវតារ» លោកថាបទដើមស្រីខ្មែរត្បាញ ៕
(បទសាវតារខ្មែរ)
ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០០៨
និពន្ធដោយ វ៉ែន សុន
របៀបនិពន្ធបទថយក្រោយចូលព្រែក
កំណាព្យ ទឹកចិត្តពុកម៉ែ
បទថយក្រោយចូលព្រែក ( ពាក្យ៧ )
ម៉ែពុករាល់គ្នាគិតលៃគ្រប់ ភ័យក្រែងកូនគប់ពាលពេញវ័យ
វ័យពេញពាលគប់កូនក្រែងភ័យ គ្រប់លៃគិតគ្នារាល់ពុកម៉ែ ។
បានកូនយសខ្ពស់គាត់ល្ហែល្ហើយ ស្រែក្រុងទុក្ខស្បើយព្រោះកូនស្នេហ៍
ស្នេហ៍កូនព្រោះស្បើយទុក្ខក្រុងស្រែ ល្ហើយល្ហែគាត់ខ្ពស់យសកូនបាន។
ឪម៉ែគឺក្បូនបានសាន្តសុខ ប្រាណគ្រប់ស្តម្ភស្តុកខ្ពស់ថ្កើងថ្កាន
ថ្កានថ្កើងខ្ពស់ស្តុកស្តម្ភគ្រប់ប្រាណ សុខសាន្តបានក្បូនគឺម៉ែឪ ។
លោកគុណក្រៃណាស់ថ្លៃត្រូវយល់ ផ្លូវខុសវិលវល់ដូចស្កកស្រូវ
ស្រូវស្កកដូចវល់វិលខុសផ្លូវ យល់ត្រូវថ្លៃណាស់ក្រៃគុណលោក៕
ថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១០
និពន្ធដោយ
វ៉ែន សុន
កំណាព្យ ពណ៌សំពត់ខ្មែរប្រចាំថ្ងៃ
បទពាក្យ៧
ថ្ងៃអាទិត្យខ្មែរស្លៀកក្រហម ជាថ្ងៃដើមចមពីបុរាណ
ចន្ទស្លៀកលឿងទុំតាមលំអាន អង្គារតែងប្រាណស្លៀកពណ៌ស្វាយ។
រីឯថ្ងៃពុធពណ៌ស៊ីលាប ព្រហស្បតិ៍សុភាពរៀបចំកាយ
ស្លៀកពណ៌បៃតងស្រស់ឆើតឆាយ ថ្ងៃសុក្រសប្បាយខៀវសមរម្យ។
ដល់ចុងសប្តាហ៍សៅរ៍ទិវា ខ្មែរស្លៀកគ្រប់គ្នាពណ៌ព្រីងទុំ
ពណ៌ទាំងប្រាំពីរខ្មែរនិយម បុណ្យជាតិជួបជុំល្អពេកក្រៃ ៕
២២/ ០៨/ ២០០៧
និពន្ធដោយ
វ៉ែន សុន
No comments:
Post a Comment