Tuesday, September 27, 2011

អ្វីទៅជាកំណាព្យ?

១/ ដូចម្តេចដែលហៅថាកំណាព្យ?
ឆ/ កំណាព្យជាកម្រងពាក្យសម្តីដែលជាភាសាដួងចិត្តរបស់កវី ប្រកបដោយពាក្យចួនផ្ទួនរណ្តំ ទៅ​តាមក្រិតក្រមនៃបទនីមួយៗ។

២/ តើធាតុឬលក្ខណៈពិសេសនៅក្នុងកំណាព្យមានអ្វីខ្លះ?
ឆ/ ធាតុឬលក្ខណៈពិសេសក្នុងកំណាព្យមាន «​ ព្យាង/ ពាក្យ/ ឃ្លា និង ល្បះ »។

៣/ តើកំណាព្យ និងពាក្យកាព្យដូចគ្នាឬទេ?
ឆ/ មិនដូចគ្នាទាំងស្រុងទេ។ ពីព្រោះ «កំណាព្យជាពាក្យចួនមានក្រិត្យក្រម ដែលជាភាសាដួងចិត្ត
របស់កវី»។ រីឯពាក្យកាព្យវិញ «ជាពាក្យចួនមានក្រិត្យក្រមដូចគ្នា ប៉ុន្តែជាភាសាសំបកក្រៅ» ។

៤/ តើពាក្យកម្រងកែវ ដូចកំណាព្យឫទេ?
ឆ/ ពាក្យកម្រងកែវមិនដូចជាកំណាព្យទេ។ ពីព្រោះពាក្យកម្រងកែវចួនគ្មានក្រិត្យក្រម។

៥/ តើពាក្យចួនប្រជាប្រិយ ជាកំណាព្យឬក៏ជាកម្រងកែវ?
ឆ/ ពាក្យចួនប្រជាប្រិយ មិនមែនជាកំណាព្យទេ ហើយក៏មិនមែនជាពាក្យកម្រងកែវដែរ។ ពាក្យចួន
ប្រជាប្រិយមានពីរគឺៈ 1/ ជាពាក្យសុភាសិត។ ឧ.សំណាបយោងដី ស្រីយោងប្រុស។
                                    2/ ជាពាក្យបណ្តៅ។ ឧ. កេះដីវាយពោះ កេះឆ្អឹងជំនីស៊ី បបោស។

៦/ តើពាក្យក្មេងលេងបិទពួន ជាសុភាសិត ឬជាពាក្យបណ្តៅ?
ឆ/ ពាក្យក្មេងលេងបិទពួនមិនមែនជាសុភាសិត និងជាពាក្យបណ្តៅទេ។​ គឺជាពាក្យ « រាល » ។
ឧ. ត្រាយត្រក ត្រាយត្រេង ប៉ាក់កាអេងណាំនឿក នាងណាចាំទី ក្រឡុកគ្រលី ហូរខ្វាច់។

៧/ តើកំណាព្យខ្មែរកកើតតាំងពីពេលណាមក?
ឆ/ កកើតតាំងពីមុនព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាហូរចូលមកប្រទេសកម្ពុជា មកម្ល៉េះ គឺ
     កកើតតាំងពីមុនគ្រឹះសករាជ។

៨/ តើកំណាព្យខ្មែរ កកើតមានប៉ុន្មានដំណាក់កាល?
ឆ/ ការកកើតកំណាព្យខ្មែរមាន៣ដំណាក់កាល គឺ «សម័យមុនអង្គរ, សម័យអង្គរ និងសម័យក្រោយ
     អង្គរ»​ ។

៩/ តើកំណាព្យដែលជាមូលដ្ឋានគ្រឹះ( បទដែលមិនទាន់បំបែក ) ក្នុងដំណាក់កាលនីមួយៗ មាន ប៉ុន្មានបទ?
ឆ/ កំណាព្យជាមូលដ្ឋានគ្រឹះ ទាំង៣ដំណាក់កាលរួមមានៈ
     កំណាព្យមុនសម័យអង្គរមាន២បទគឺ «បទពាក្យ៤កើតក្នុងសម័យនគរភ្នំ និងបទបថ្យាវត្តកើតក្នុង
     សម័យចេនឡា »​ ។
     កំណាព្យសម័យអង្គរមាន៥បទគឺ «បទកាកគតិ, បទព្រហ្មគីតិ, បទពំនោល, បទភុជង្គលីលា និង
     បទបន្ទោលកាក »។
     កំណាព្យក្រោយសម័យអង្គរមាន៧បទគឺៈ « បទពាក្យ៦កើតក្នុងសម័យ ឧដ្តុង្គ / លង្វែក។ រីឯបទ​     ពាក្យ៧, បទពាក្យ៨, បទពាក្យ៩, បទពាក្យ១០, បទពាក្យ១១ និងបទពាក្យ១២ កើតក្នុងសម័យ​     ចតុមុខ »។

១០/ ហេតុដូចម្តេចបានជាយើងដឹងថាបទពាក្យ៤ កើតក្នុងសម័យនគរភ្នំ?
ឆ/ យើងអាចដឹងបាន ដោយកវីរៀមច្បងយើង លោកស្រាវជ្រាវឃើញនៅក្នុងទំនុកចម្រៀងពីបទ​     ភ្លេងអារក្ស និងទំនុកចម្រៀងពីបទភ្លេងប្រពៃណី( ភ្លេងការ)។

១១/ បើដូច្នេះ តើទំនុកចម្រៀងបទ«ហោមរោង»ក្នុងវង់ភ្លេងប្រពៃណីជាកំណាព្យបទអ្វី?
ឆ/  គឺជាកំណាព្យបទពាក្យ៤។

១២/ តើកំណាព្យបទ« ឥន្ទ្រជិត ឬ ឥន្ទជិត » កើតក្នុងសម័យកាលណា?​
ឆ/ បទនេះខ្ញុំទើបនឹងស្រាវជ្រាវឃើញក្នុងឆ្នាំ២០០១ ពុំទាន់បានដឹងពីសម័យកាលទេ។


១៣/ តើការនិពន្ធកំណាព្យអាចយកសំឡេង«ឃោសៈ» ដាក់ឱ្យចួននឹង«អឃោសៈ»បានឬទេ?
ឆ/ មិនអាចដាក់ឱ្យចួនជាមួយគ្នាបានទេ។

១៤/ តើកំំណាព្យខ្មែរយើងដែលជាប្រភេទកំណាព្យសម្រាប់និពន្ធទាំង៧៦បទនោះ នៅបាត់
    កំណាព្យណាខ្លះ?
ឆ/ កំណាព្យទាំង៧៦បទនោះ យើងស្រាវជ្រាវឃើញ៧៤បទហើយ នៅបាត់២បទទៀតគឺៈ
​    « បទទន្សាយទីសទៀស និងមាន់ទឹកបណ្តើរកូន »។
                                                                                                                
                                                                                                          ដោយ វ៉ែន សុន

Saturday, September 24, 2011

របៀបនិពន្ធកំណាព្យបទ ផ្កាឈូករីក ( ពាក្យ៧ )

                                         កុំណាព្យ កុំភ្លេច
                                   បទផ្កាឈូករីក ( ពាក្យ៧ )


កុំភ្លេចប៉ុលពតដេញពីផ្ទះ                         កុំភ្លេចក្មេងចាស់ស្លាប់ដាសដី
កុំភ្លេចត្បូងចបគល់ឫស្សី                         កុំភ្លេចប្រុសស្រីរស់ដូចសត្វ។

កុំភ្លេចពេលឃ្លានសម្លឹងថ្ងៃ                      កុំភ្លេចខ្លាចក្ស័យមេកងចាត់
កុំភ្លេចពេលភ្លឺមានមនុស្សបាត់                កុំភ្លេចយប់ស្ងាត់ទន្ទឹងភ្លឺ។

កុំភ្លេចបបរថ្លាយល់ទឹក                            កុំភ្លេចយប់ព្រឹកច្រើនជំងឺ
កុំភ្លេចស្គមហើមញាក់ញ័រព្រឺ                   កុំភ្លេចថ្នាំឈឺអាចម៍ទន្សាយ។

កុំភ្លេចកម្មសិទ្ធិអត់ទាំងព្រម                     កុំភ្លេចស្លឹកខ្ទមយប់ឃើញផ្កាយ
កុំភ្លេចកូនតូចបែកទ្រូងម្តាយ                    កុំភ្លេចឆ្នាំងបាយពីងពាងព័ទ្ធ។

កុំភ្លេចស្លៀកពាក់ពណ៌ស្លាបក្អែក            កុំភ្លេចសង្ឃបែកបាត់ទាំងវត្ត
កុំភ្លេចអង្គការវាពង្រាត់                             កុំភ្លេចបិទមាត់ដាំដើមគរ។

កុំភ្លេចស្បែកជើងពីកង់ឡាន                   កុំភ្លេចគ្រប់ប្រាណភ័យវឹកវរ
កុំភ្លេចរៀបការចាប់ដៃឈរ                      កុំភ្លេចគេភរទាំងប្រុសស្រី។

កុំភ្លេចប្រាំពីរខែមករា                               កុំភ្លេចជីវ៉ារស់ជាថ្មី
កុំភ្លេចគ្រប់គ្នាមានសេរី                            កុំភ្លេចសម្តីបន់ទេវតា៕


                                                                              ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៣
                                                                                               វ៉ែន សុន                                               «​  ​ របៀបនិពន្ធបទផ្កាឈូករីកពាក្យ៨ »

                                                        កំណាព្យ ទោសព្រោះឆាប់
                                                         បទផ្កាឈូករីក ( ពាក្យ៨ )

ឆាប់ស្រឡាញ់ឆាប់ស្អប់ឆាប់ទឹកភ្នែក                         ឆាប់ជជែកឆាប់ស្រប់ឆាប់អាស្រូវ
ឆាប់តែជឿឆាប់ចោទឆាប់ចែកផ្លូវ                               ឆាប់ក្រញ៉ូវឆាប់ស្រាយឆាប់បាត់ញាតិ។

ឆាប់ទទួលឆាប់ទេឆាប់កើតទុក្ខ                                  ឆាប់យល់មុខឆាប់មិនឆាប់ភ្លាត់ស្នៀត
ឆាប់ចេះសូកឆាប់ស៊ីឆាប់ថោកជាតិ                           ឆាប់អរទៀតឆាប់អួតឆាប់អាប់យស។

ឆាប់ស្រែកយំឆាប់សើចឆាប់គិតខ្លី                              ឆាប់ហារស្តីឆាប់គឆាប់ខូចឈ្មោះ
ឆាប់ខាងខឹងឆាប់ជាឆាប់ខាងឈ្លោះ                          ឆាប់ទ្រគោះឆាប់បាត់ឆាប់ចិត្តស្រាល។

ឆាប់ញ៉េះញ៉ោះឆាប់ងរឆាប់មាយា                              ឆាប់និន្ទាឆាប់ស្ងើចឆាប់ផ្ចាញ់ផ្ចាល
ឆាប់តែហ៊ានឆាប់ខ្លាចឆាប់ខូចកាល                           ឆាប់ឈឺឆ្អាលឆាប់គេចឆាប់ខកចិត្ត។

ឆាប់លើកខ្លួនឆាប់ដាក់ឆាប់គេដៀល                         ឆាប់ចិត្តពាលឆាប់ពេបឆាប់ក្បត់ផិត
ឆាប់រាក់ទាក់ឆាប់ឆ្មើងឆាប់បាត់ស្និទ្ធ                          ឆាប់អាណិតឆាប់ណាយឆាប់មានថ្មី។

ឆាប់ភ្លេចពង្សឆាប់ពើងឆាប់គេស្អប់                            ឆាប់ដាល់តប់ឆាប់ញ៉មឆាប់អប្រិយ
ឆាប់ចាក់ចុចឆាប់ជឿឆាប់គិតខ្លី                                  ឆាប់មានស្រីឆាប់ស្រើបឆាប់រោគស្រាល៕

                                                                                                                     និពន្ធដោយ
                                                                                                                       វ៉ែន សុន


                                            
                                               របៀបនិពន្ធបទពាក្យ៧ ( ធម្មតា )
                          
                                កំណាព្យ នឹកស្តាយកវីនិពន្ធ និង សិល្បករខ្មែរល្បីៗ
                                                              បទពាក្យ៧

   នេះនឹងរំលឹកនឹកសិល្បៈ                                        មុនឆ្នាំបែកបាក់ប្រាសព្រាត់គ្នា
   កវីនិពន្ធកម្ពុជា                                                        មុនប៉ុល ពតវាកៀរប្រល័យ  ។

   រាមកេរ្តិ៍និទានមានតាគ្រុឌ                                     ស៊ិន ស៊ីសាមុត ច្រៀងសម័យ
   មានអ្នកច្រៀងឈូងហៅស្របកៃ                         ស្មៀនឈិនអាយ៉ៃសារ៉ាំប៉ាក់  ។

   អ្នកស្មូត្រល្បីតាបាឡាត់អ៊ុន                                  លោកសាំង សារុន ល្ខោនបាសាក់
   ចេកម៉ាចតួនាងសៀងថ្នមថ្នាក់                              ជាងសយធ្វើប្រាក់ល្បីគ្រប់ទី       ។

   គំនូរល្អឯកល្បី ញ៉ឹក ឌឹម                                       យីកេចូកគ្រឹមល្បី តាឃី
   វិទ្យុជាតិមាន ម៉ា ឡៅពី                                         ល្បីគ្រប់ពិធីពោលពិរោះ              ។

   វិយូឡុងមាស ហាស់ សាឡន                              មហាសាម៉ន អានល្បីឈ្មោះ
   ផ្សាយវិទ្យុជាតិញាតិខ្លាចហួស                             យប់ឡើងស្តាប់ព្រោះពាក្យក្បោះក្បាយ។

   ក្រមង៉ុយហៅអ៊ូយូរល្បីជាង                                 សាយដៀវដេញច្រៀងចោទដោះស្រាយ
   កំណាព្យអប់រំញាតិជិតឆ្ងាយ                                ដៃគូពីរកាយជំទប់សាន់                      ។

   ក្រោយមកមាសគកល្ខោននិយាយ                     ពាក្យកាព្យពាក្យរាយមិនប្រកាន់
   សំណង់ល្បី វណ្ណ ម៉ូលីវណ្ណ                                 មនុស្សណែនណាន់កីឡាដ្ឋាន   ។

   ភាពយន្តណុប ណែម / គង់ សំអឿន                 តួប៉ិច សាលឿន កាចក្លាហាន
   តាពៅ យូឡេង តួបុរាណ                                    ជា យុទ្ធថន បានក្បាច់គុនល្បី  ។

   ចាប៉ីដងវែង វោហារសែម                                   ច្រៀង Twist ជុំ កែម ចង្វាក់ថ្មី
   ឌី សាវ៉េត / វេជ្ជរ៉ា / ដានីក្តី                                  តួស្រីភាពយន្តល្បីច្រើនគ្នា        ។

   បទភ្លេងទំនុក ពៅ ស៊ីផូ                                     មែរ ប៊ុន / វ៉ោយ ហូ ខំពុះពារ
   សម្តេចជួន ណាត ប្រាជ្ញមហិមា                        អក្សរកម្ពុជាបានកត់ត្រា             ។

   រីលោក នួន កន មានស្នាដៃ                              យើងច្រៀងសព្វថ្ងៃមានខ្លឹមសារ
   ជាម្ចាស់ទំនុកបទ«សាវតារ»                              លោកថាបទដើមស្រីខ្មែរត្បាញ ៕​​
          (បទសាវតារខ្មែរ)

                                                            
​​​​​​​​​​​​​​​​​​​​​                                                                   ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០០៨
                                                                          និពន្ធដោយ វ៉ែន សុន                                       របៀបនិពន្ធបទថយក្រោយចូលព្រែក
                                                កំណាព្យ ទឹកចិត្តពុកម៉ែ
                                       បទថយក្រោយចូលព្រែក ( ពាក្យ៧ )

ម៉ែពុករាល់គ្នាគិតលៃគ្រប់                                ភ័យក្រែងកូនគប់ពាលពេញវ័យ
វ័យពេញពាលគប់កូនក្រែងភ័យ                     គ្រប់លៃគិតគ្នារាល់ពុកម៉ែ       ។

បានកូនយសខ្ពស់គាត់ល្ហែល្ហើយ                   ស្រែក្រុងទុក្ខស្បើយព្រោះកូនស្នេហ៍
ស្នេហ៍កូនព្រោះស្បើយទុក្ខក្រុងស្រែ              ល្ហើយល្ហែគាត់ខ្ពស់យសកូនបាន។

ឪម៉ែគឺក្បូនបានសាន្តសុខ                               ប្រាណគ្រប់ស្តម្ភស្តុកខ្ពស់ថ្កើងថ្កាន
ថ្កានថ្កើងខ្ពស់ស្តុកស្តម្ភគ្រប់ប្រាណ                សុខសាន្តបានក្បូនគឺម៉ែឪ    ។

លោកគុណក្រៃណាស់ថ្លៃត្រូវយល់               ផ្លូវខុសវិលវល់ដូចស្កកស្រូវ
ស្រូវស្កកដូចវល់វិលខុសផ្លូវ                           យល់ត្រូវថ្លៃណាស់ក្រៃគុណលោក៕

                                                           ថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១០
                                                                        និពន្ធដោយ
                                                                          វ៉ែន សុន


                                       
                                          កំណាព្យ ពណ៌សំពត់ខ្មែរប្រចាំថ្ងៃ
                                                           បទពាក្យ៧

ថ្ងៃអាទិត្យខ្មែរស្លៀកក្រហម                        ជាថ្ងៃដើមចមពីបុរាណ
ចន្ទស្លៀកលឿងទុំតាមលំអាន                   អង្គារតែងប្រាណស្លៀកពណ៌ស្វាយ។

រីឯថ្ងៃពុធពណ៌ស៊ីលាប                               ព្រហស្បតិ៍សុភាពរៀបចំកាយ
ស្លៀកពណ៌បៃតងស្រស់ឆើតឆាយ            ថ្ងៃសុក្រសប្បាយខៀវសមរម្យ។

ដល់ចុងសប្តាហ៍សៅរ៍ទិវា                          ខ្មែរស្លៀកគ្រប់គ្នាពណ៌ព្រីងទុំ
ពណ៌ទាំងប្រាំពីរខ្មែរនិយម                         បុណ្យជាតិជួបជុំល្អពេកក្រៃ ៕


                                                                ២២/ ០៨/ ២០០៧
                                                                     និពន្ធដោយ
                                                                       វ៉ែន សុន

Thursday, September 22, 2011

អ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី

ក/ ឈ្មោះអ្នកនិពន្ធសម័យអង្គរ
១/ បណ្ឌិត សិវ សោម «សិលាចារឹកប្រាសាទកណ្តោលដើម» សម័យរាជ្យព្រះ បាទឥន្ទ្រវរ័្មន រវាង
     គ.ស​៨៧៧/ ៨៨៩។
២/ បណ្ឌិត យតិអមរភាវៈ «សិលាចារឹកភ្នំបាយង្គ» សម័យរាជ្យព្រះបាទយសោវរ័្មន
     រវាង គ.ស ៨៨៩ / ៩០៨។
៣/ បណ្ឌិត ទិវាករ «សិលាចារឹកប្រាសាទកំពឹ័ស» សម័យរាជ្យព្រះបាទរាជេន្ទ្រវរ័្មន
     រវាង គ.ស ៩៤៤ / ៩៦៨។
៤/ បណ្ឌិត កវិន្ទ្រ «សិលាចារឹកប្រាសាទខ្នារ» សម័យរាជ្យព្រះបាទសូរ្យវរ័្មន
     រវាង គ.ស ១០៩០ / ១១០៩។
៥/ បណ្ឌិត ភូបន្ទ្រ  « សិលាចារឹកបាសាទ ទរ » សម័យរាជ្យព្រះបាទជ័យវរ្ម័នទី៧
     រវាង គ.ស ១០៩០ / ១១០៩ ។
៦/ ព្រះនាងឥន្ទ្រទេវី «សិលាចារឹកប្រាសាទភិមានអាកាស» មហេសីព្រះបាទជ័យវរ្ម័នទី៧
     រវាង គ.ស ១០៩០ / ១១០៩ ។

                                                         ខ/ អ្នកនិពន្ធសម័យក្រោយអង្គរ
                                                             ( សម័យលង្វែក និង ឧដ្តុង្គ )

១/ បណ្ឌិត ជ័យនន្ទ «សិលាចារឹកអង្គរវត្ត » ( ពាក្យកាព្យសរសេរពីកាលខាងចុងសតវត្សទី ១៦ )។
២/ អ្នកប៉ាង ( សាត្រាស្លឹករឹត អ្នកប់ង) ល្បើកអង្គរវត្ត(ពាក្យកាព្យសរសេរពីគ.ស១៤៩៨)។
៣/ ព្រះរាជសម្ភារ «កាព្យនិរាស, ច្បាប់ព្រះរាជសម្ភារ។ល។» ( សរសេរពីគ.ស​ ១៦៣៤ )
៤/ ឧកញ៉ាកោសាធិបតីកៅ​   1. រឿងក្រុងសុភមិត្រ ( សរសេរ គ.ស ១៧៩៨ ) ។
៥/ ឧកញ៉ាព្រះឃ្លាំងនង        1. ច្បាប់សុភាសិត ( ១៧៩០ )
                                              2. លោកនេយ្យជាតក ( ១៧៩៤ )
                                              3. រឿងបុញ្ញា សារសិរសា ( ១៧៩៨ )
                                              4. រឿងភោគកុលកុមារ ( ១៨០៤ )
                                              5. រឿងនេត្រវរនុជ ( ១៨០៦ )
៦/ ព្រះបាទអង្គឌួង               1. រឿងកាកី ( ១៨១៣ )
                                              2. ច្បាប់ស្រីព្រះអង្គឌួង ( ១៨. . ? )
៧/ ព្រះបទុមបារមីពេជ្រ       1. របាក្សត្រស្រុកខ្មែរ  ( ១៨១៨ )
៨/ ឧកញ៉ាសោទសខែក       1. ល្បើកជេតពន  ( ១៨១៥ )
៩/ បណ្ឌិតសំអាត                  1. រឿងនាងមុជលិន ឬ ព្រះចន្ទគោរព ( ១៨៣៣ )
១០/ ឧកញ៉ា ចក្រីកែវ            1. រឿងដាវរឿង ( ១៨៤១ )
១១/ ព្រះអរិយគាមុនី ហ៊ីង    1. រឿង ព្រះជិនវង្ស   ( ១៨៥៦ )
១២/ ព្រះធម្មបញ្ញា ម៉ែន        1. រឿង ពេជតា       ( ១៨៥៧ ? )
១៣/ ឧកញ៉ាធិបតី យ៉ែម      1. រឿង នាងវិមានចន្ទ ( ១៨៥៨ )
១៤/ ឧកញ៉ាអនុជិតស្រី        1. ល្បើកស្រីវិជ័យ  ( ១៨៥៨ )
១៥/ឧកញ៉ាសុន្ធរវោហារមុក 1. រឿង ទេវន្ទ  ( ១៨៥៩ )

                                            អ្នកនិពន្ធសម័យចតុមុខ ( សម័យអាណានិគមនិយមបារាំង )

១/ ព្រះធម្មបញ្ញា អ៊ុក         1. រឿង មរណមាតា ( ១៨៧៧ )
២/    បវរភកី្តព្រហ្ម             1. រឿង ពោធិវង្ស  ( ១៨៨១ )
៣/ ឃុនសុន្ធពិនិត្យ           1. រឿង ចៅមាស  ( ១៨៨៧ )
៤/ ឧកញ៉ាវង្សាធិបតី អ៊ុក 1. រឿង សង្ខសិល្ប៍ជ័័យ ( ១៨៨២ )
៥/ ម៉ឺនភក្តីអក្សរតន់          1. រឿង សព្វសិទ្ធ ( ១៨៩៩ )
៦/ លោក យស ងិន         1. រឿង ចៅស្រទបចេក  ( ១៩. . ? )
៧/ វិសេស ដូង                 1. រឿង ល្បើកអក, ល្បើកសារិកា  ( . . ? )

                                                      ឯកសារពិគ្រោះរបស់ លោក លីធាម តេង
                                                              ព.ស​២៥១៦ /  គ.ស ១៩៧២ 

                  
 ឈ្មោះអ្នកនិពន្ធមានស្នាដៃនិពន្ធរឿងពីឆ្នាំ១៩០០ ដល់ឆ្នាំ១៩៤៨
 ( ឯកសារពិគ្រោះ តាមឯកសារស្រាវជ្រាវរបស់ បណ្ឌិត ឃួន សុខាំភូ )

១/ អ្នកស្រី សិទិ៍្ធ                រឿង               ពិម្ពាពិលាប                           ឆ្នាំ ១៩០០
២/ អាចារ្យ ឥន្ទ                   ដ​​                  អំបែងបែក                                  ១៩០១
៣/ ភិក្ខុ  ១អង្គ                     ដ                  ធនញ្ជ័យ(ហៅអាជ័យប្រាជ្ញ)     ១៩០៨
៤/ ភិក្ខុ សោម                     ដ                  ផ្ការាំទឹករាំ                                   ១៩១១
៥/​​​​ ភិក្ខុ សោម                     ដ​​                  ទុំទាវ                                           ១៩១៥
៦/ នូ កន                            ដ                   ពិម្ពានិពា្វន                                 ១៩២០
៧/ គឺម ហាក់                       ដ                  សេកសោមបណ្ឌិត                    ១៩៣៣
៨/ រឹម គិន                          ដ                 សូផាត                                         ១៩៣៨
៩/ គឹម ហាក់                      ដ                 ទឹកទន្លេសាប                               ១៩៣៩
១០/ អ្នកស្រ សិទិ៍្ធ              ដ                  គូសាងមិត្តមិនទ្រុស្តមិត្ត              ១៩៤០
១១/ នូ ហាច                     ដ                   ផ្កាស្រពោន                                 ១៩៤១
១២/ នូ កន                        ដ                   ទាវឯក                                         ១៩៤២
១៣/ កែ នេត្រ                   ដ                   ល្បើកមទ្រី                                   ១៩៤២
១៤/ ញ៉ុក ថែម                  ដ                   បិសាចស្នេហា                             ១៩៤២
១៥/ ញ៉ុក ថែម                  ដ                   កុលាបប៉ៃលិន                             ១៩៤៣
១៦/​ អ៊ុម   ហ៊ី                    ដ                    មហាអភ័ព្វ                                  ​ ១៩៤៣
១៧/ ហេង យ៉ាន់             ដ                     កំពូលកម្សត់                               ១៩៤៤
១៨/ យូរ  ប៉ុណ្ណ                ដ                    សុវណ្ណសាមជាតក                     ១៩៤៤
១៩/ ហេង យ៉ាន់              ដ                    កំពូលស្នេហា                              ១៩៤៦
២០/ នូ កន                      ដ                    តុងឈិន                                      ១៩៤៧
២១/ ឈុប                       ដ                    ព្រាត់ដួងចិត្ត                                ១៩៤៧
២២/ អ៊ុម ហ៊ី                    ដ                    ទឹកភ្នែកស្រីស្រែ                          ១៩៤៧
២៣/ កញ្ញា ស៊ឹម វណ្ណស៊ី       ដ             សម្ឃឹមជានិច្ច​                              ១៩៤៨

                  
 អ្នកនិពន្ធដែលមានស្នាដៃនិពន្ធពីឆ្នាំ ១៩៥១

១/ ជៃ ជុំ           រឿង          វណ្ណៈ
២/ គឹម សែត     ដ             ស្រមោលមហាចោរ
៣/ ប្រសើរ        ដ             សែនទារុណ
៤/ រឹម គិន         ដ              ស្រីកំព្រា
៥/ សុគន្ធទិព្វហៅចន្ទថន  ស្បែកខ្មៅពាសមុខ
៦/ ហ៊ែល ស៊ុំផា  ដ            ចោរបិទមុខ
៧/ អៀវ បណ្ណាការ            សែនវេទនា
៨/ អ្នកស្រី ស៊ុយ ហៀង    កូនក្រកមេចោ


អ្នកនិពន្ធដែលមានស្នាដៃនិពន្ធពីឆ្នាំ ១៩៥២

១/ អៀវ​ បណ្ណាកា         រឿង         ប្រែចិត្តឥតគួរ         
២/ អៀង  សាយ           ដ             ផ្ការីកផ្ការោយ
៣/ អ្នកស្រី ស៊ុយ ហៀង              វាសនានៃនាងណាគ្រី
៤/ អ្នកស្រី ស៊ុយ ហៀង               ស្ត្រីបងប្អូនភ្លោះពីរនាក់
៥/ អ្នកស្រី ស៊ុយ ហៀង               ស្ទឹងក្រហម
៦/ អ្នកស្រី ស៊ុយ ហៀង               ទន្លេក្រហម
៧/ អ្នកស្រី ស៊ុយ ហៀង              ផ្ការីកផ្ការោយ
៨/ លឹម ហឹមពិន        ដ​               ឋានសួគ៌នៃនិស្សិតចំណាន
៩/ រឹម គិន                  ដ               សមាភាវី
១០/ រឹម គិន               ដ              ​​ មើលព្រះចន្ទ្រា
១១/ សុខ សេង         ដ               វាសនាអនាគត
១២/ សូ  ង៉ែត            ដ               វិសេសចិត្តតម្រាស្រី
១៣/ អ្នកស្រី​ សិទ្ធិ៍     ដ               ចិត្តសត្យា
១៤/ តូច សិង្ហន        ដ               កែបមាត់សមុទ្រ
១៥/ នូ  កន               ដ​              សមុទ្រជេដ្ឋា
១៦/ នូ ហាច             ដ              មាលាដួងចិត្ត
១៧/ ប៊ីវ ឆៃលាង      ដ              ព្រះមកុដពេជ្រ
១៨/ ប្រាក់ ធូលាន    ដ              ស្នេហាវិសេស
១៩/ អ៊ុច រស់             ដ              នាងកុណ្ឌលកេសី
២០/ ម៉ា ឡាយខេម   ដ​             កម្ពុជបុត្រ
២១/ យស់ នាង        ដ              ប្រស្នាលើរថភ្លើង
២២/ ល. គឹមសាន    ដ              កំពូលនារី
២៣/ លក សាធុ       ដ              សង្សារវិសេស
២៤/  វង់ ឈិន          ដ              ពលឯក
២៥/ ​ដួង សុវណ្ណ      ដ              ព្រេងវាសនា
២៦/ ហ៊ែល ស៊ុំផា     ដ          ​   ចោរលួចចិត្ត
២៧/ ឱ  ផូ                 ដ             ព្រួញមាស

Tuesday, September 20, 2011

តួនាទីរបស់អ្នកកវីនិពន្ធ

អ្នកកវីនិពន្ធគ្រប់រូប បន្ទាប់ពីយល់ច្បាស់ពីការរក«ទស្សនៈដោយឡែក»សម្រាប់ខ្លួនហើយ ចាំបាច់ត្រូវ​តែសិក្សាស្វែងយល់ពី «តួនាទីរបស់ខ្លួន» បន្ថែមទៀតទើបល្អ។ តួនាទីអ្នកកវីនិពន្ធស្នាដៃអក្សរសិល្ប៍មាន៣ជាសំខាន់គឺៈ
១/ បំណង
     មុននឹងយើងចាប់ផ្ដើមនិពន្ធអ្វីមួយ អ្នកនិពន្ធត្រូវសួរខ្លួនឯងថា «តើអាត្មាអញសរសេរពីអ្វី?»
ឧទាហរណ៍ៈបើសរសេរពីកំណាព្យ តើសរសេរពីកំណាព្យប្រភេទមួយណា ក្នុងចំណោមកំណាព្យ
ទាំង១១ប្រភេទនោះ?
២/កម្មវត្ថុ
ចំណុចនេះ អ្នកកវីនិពន្ធត្រូវសួរខ្លួនឯងថាៈ «តើអាត្មាអញសរសេរសម្រាប់អ្នកណា? មានន័យថា
ពេលយើងសរសេរ យើងត្រូវគិតពីមុខសញ្ញាដែលត្រូវអានស្នាដៃរបស់យើង។ ( តើស្នាដៃដែល
អ្នកសរសេរនោះ សម្រាប់កុមារឫសម្រាប់មនុស្សគ្រប់វ័យ)
៣/ចរិស្នាដៃ
តើយើងជាអ្នកនិពន្ធ សរសេរអប់រំមនុស្សក្នុងសង្គមជាតិពីអ្វី? (ចំណុចនេះអ្នកកវីនិពន្ធត្រូវគិតពី
គុណធម៌អប់រំ)។
                                                                                                                     វ៉ែន សុន

Monday, September 19, 2011

អំពីផលវិបាករបស់អ្នកនិពន្ធ

    ក្មួយៗជាទីស្រឡាញ់!បើក្មួយៗមានបំណងក្លាយខ្លួនទៅជាកវីនិពន្ធ ក្មួយៗត្រូវស្វែងយល់ឱ្យបាន
ច្បាស់អំពីផលវិបាករបស់អ្នកនិពន្ធម្នាក់ៗជាមុនសិន។ តើអ្វីជាផលវិបាកទាំងនោះ?
ចំពោះទស្សនៈខ្ញុំវិញ ខ្ញុំយល់ថា« នរណាម្នាក់ក៏អាចនិពន្ធបានដែរ ឱ្យតែគេមានចិត្តចង់ មានការព្យា​យាម និង មានសេចក្តីក្លាហាន ។ល។  ប៉ុន្តែអ្វីដែលពិបាកចំពោះអ្នកនិពន្ធម្នាក់ៗ នោះគឺ ការរក​ទស្សនៈ ដោយឡែកដើម្បីអប់រំមនុស្ស​នោះហើយគឺជាការពិបាក»​
ឧទាហរណ៍ៈ ទស្សនៈរបស់ព្រះរាជសម្ភារ ដែលជាកវីរាជសម័យក្រោយ​អង្គរ (សម័យឧដ្តុង្គលង្វែក)  កំណាព្យឧបទេសកថារបស់ទ្រង់​​​​បានលើកឡើងថា​
   ​​​« ខ្លែងហើរត្បិតខ្យល់»។ល។    ចំពោះទស្សនៈដោយឡែករបស់ខ្ញុំវិញ កំណាព្យដែលជាស្នាដៃ​របស់ខ្ញុំៗសរសេរថា « ខ្លែងហោះត្បិតខ្សែ »។ល។
ឧទាហរណ៍ខាងលើនេះហើយ គឺជា« ទស្សនៈដោយឡែក » ដែលយើងជាកវីនិពន្ធម្នាក់ៗត្រូវតែ
យល់ឱ្យបានច្បាស់។
ក្មួយៗដែលមានបំណងចង់ធ្វើជាកវីនិពន្ធ ក្មួយៗត្រូវ «ធ្វើតាមសត្វឃ្មុំដែលហើរក្រេបលំអងផ្ការាប់
សិបផ្កា ទើបបានជាទឹកដែលមានរសផ្អែមរបស់សត្វឃ្មុំ»។ ក្មួយកុំធ្វើតាមសត្វឆ្កែញាំង ដែលហើរ​ពាំសត្វដង្កូវយកមកផ្ញាស់ធ្វើជាកូនរបស់ខ្លួននោះមិនល្អទេ។ ខ្ញុំចង់និយាយថា បើក្មួយៗចង់ធ្វើជា
កវីនិពន្ធ ក្មួយកុំលួចស្នាដៃគេមកធ្វើជាស្នាដៃរបស់ខ្លួន។ ក្មួយៗធ្វើយ៉ាងណាកុំឱ្យគេមើលងាយជាតិ
របស់យើង។ល។
                                                                                                                 វ៉ែន សុន

Sunday, September 18, 2011

បទពិសោធន៍និពន្ធកំណាព្យបទកាកគតិ

ឧ.កំណាព្យធ្វើបុណ្យទាន់ខែភ្លឺ

កូនប្រុសកូនស្រី               បាយនំចំណី               ជូនឪពុកម្តាយ
សម្លៀកបំពាក់                  នាំគ្នាខ្វល់ខ្វាយ          កូនជិតកូនឆ្ងាយ
​                                          កុំប្រចាំគ្នា។

មើលម្តាយឪពុក               ខ្យល់ចាប់វិលមុខ       គ្រុនក្តៅរងា
ទោះអត់ទោះឃ្លាន           លោកមិនដែលទារ    ក្រែងលោកពុំជា
                                          ថែទាំយប់ព្រឹក។

មួយឆ្នាំមានម្តង                ត្រូវនាំប្អូនបង             សុំលោកស្រង់ទឹក
បង្គំសុំទោស                     កុំចាំគាត់ភ្លឹក              ស្លាប់ហើយទើបនឹក
                                          ដណ្តើមគ្នាដុះ។

                                                                        
                                                                   និពន្ធដោយ វ៉ែន សុន
                             កំណាព្យនេះត្រៀមបោះពុម្ពជាសៀវភៅរូបភាព មានចំនួន ២០ ទំព័រ

ការកកើតកំណាព្យខ្មែរ

២/នៅសម័យអង្គរកំណាព្យខ្មែរកើត៥បទទៀត ដែលបុរាណលោកប្រើក្នុងរឿងរាមកេរិ៍្ត។ ប៉ុន្តែនៅ​សម័យនោះកំណាព្យទាំង៥នេះមិនទាន់មានឈ្មោះទេ។ មកដល់សម័យក្រោយអង្គរ ទើបអ្នកប៉ាង
ឫអ្នកបង( អ្នកប់ង) គាត់ដាក់ឈ្មោះថា«បទកាកគតិ,បទព្រហ្មគីតិ,បទពំនោល,បទភុជង្គលីលា និង
បទបន្ទោលកាក ( ឯកសារខ្លះថាពំនោលកាក និងឯកសារខ្លះទៀតថា បទបណ្ឌោគតិ) »។
៣/ក្រោយសម័យអង្គរ ( ចែកជាពីរសម័យកាល)
ក/នៅសម័យកាលលង្វែក ឬឧដ្តុង្គ(ជាសម័យច្របូកច្របល់ក្រោយពេលបោះបង់ចោលអង្គរ)
កំណាព្យកើត១បទទៀតគឺ បទពាក្យ៦ ដែលបុរាណលោកប្រើក្នុងរឿងរាមកេរិ៍្ត ( ស្នាដៃបន្ត )។
ខ/សម័យចតុមុខ
កំណាព្យជាមូលដ្ឋានគ្រឹះមាន៦បទគឺ «បទពាក្យ៧,បទពាក្យ៨(សរសេរបាន៥បែប),បទពាក្យ៩,
បទពាក្យ១០,បទពាក្យ១១ និងបទពាក្យ១២។ ក្រៅពីបទលើកឡើងដូចខាងលើគឺជាបទបំប្លែង
ឬបំបែកចេញពីកំណាព្យមូលដ្ឋានគ្រឹះទាំងអស់។ល។
  សរុបមកកំណាព្យខ្មែរយើងរបៀបនិពន្ធ( សរសេរ ) មាន៧៦បទ។ ស្រាវជ្រាវឃើញ៧៤បទនិង
នៅបាត់២គឺបាត់បទទន្សាយទីសទៀស និងបទមាន់ទឹកបណ្តើរកូន។ល។
                                                                     សិក្សាសាវជ្រាវនិងរៀបរៀងដោយ វ៉ែន សុន

Saturday, September 17, 2011

សូមស្វាគមន៍

លោក វ៉ែន សុន ជាកវីនិពន្ធ និងជាទីប្រឹក្សាកណ្ដាលសមាគមអ្នកនិពន្ធខ្មែរ ជាស្រ្តាចារ្យផ្នែកកំណាព្យ
នៅមហាវិទ្យាល័យនាដសាស្ត្រ នៃ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ................