Tuesday, October 25, 2011

ប្រភេទរឿងក្នុងអក្សរសិល្ប៍ខ្មែរ

               ប្រភេទរឿងនៅក្នុងអក្សរសិល្ប៍ខ្មែរ
១ រឿងជាពាក្យកាព្យប្រភេទ
 ប្រភេទរឿងសាត្រាល្បែង(រឿងព្រះជិនវង្ស)
  ប្រភេទរឿងប្រលោមកំណាព្យ(ដូចរឿងទំទាវ)
ប្រភេទរឿងល្បើក​(រឿងខ្លីជាពាក្យកាព្យ)តួអង្គសត្វ
២ ប្រភេទរឿងប្រលោមលោក
 រឿងបែបទស្សនវិជ្ជា
ឧ រឿងព្រះវេស្សន្តរជាតក(ពុទ្ធនិយម)
 រឿងបែបសោកនាដកម្ម ឬវិនាដកម្ម​(កម្សត់ព្រាត់
    ប្រាសធម្មតា) ឧ រឿងសុផាត។ល។
 រឿងបែបកំប្លែង(រិះគន់សង្គម)
    រឿងបែបផ្សងព្រេង
   ឧទាហរណ៍ ការផ្សងព្រេងក្នុងព្រៃ។
                      --  ស្នេហា
                       - -  នយោបាយ។
    រឿងបែបចារកម្ម
    ចារកម្មជាមូលដ្ឋាន តែមាន នប និងស្នេហាលាយឡំ។
    ចារកម្មបែបស៊ើបអង្កេត(Policier)
    រឿងបែបភ័យរន្ធត់
   រឿងនាដកម្ម​ វិនាដកម្ម(កម្សត់ព្រាត់ប្រាសធ្ងន់ធ្ងរ)
    ឧ​ ដូចជារឿងនាងបដាចា​ ជាដើម។
   រឿងវិទ្យាសាស្ត្រនាអនាគត(ដូចរឿងហង្សយន្ត)
    រឿងចិត្តសាស្ត្រ(និយាយពីផ្លូវចិត្ត)
     ឧ អ្នកកាច ទៅជាស្លូត អ្នកល្ងង់ ទៅជាបណ្ឌិត
        អ្នកស្លូត​ត្រង់ ទៅជាឧក្រិដ្ឋជន(តើព្រោះអ្វី?)
  ១០  រឿងបែបនយោបាយ
         រឿងសាមកុកជាដើម។ល។
 ១១   រឿងបែបសាសនា
        ឧ រឿងជាតក ឬរឿងរាមកេរ្តិ៍។ល។
  ១២  រឿងបែបប្រវតិ្តសាស្ត្រ
      ឧ រឿងតាឃ្លាំងមឿង​។ល។
  ១៣  រឿងបែបប្រជាប្រិយ(តួអង្គរស់នៅសមញ្ញនឹងប្រ​ជា        ជន)
  ប្រភេទរឿងខ្លី
   រឿងព្រេងនិទាន(និយាយតៗគ្នាខ្លះតួអង្គមនុស្ស និង​ខ្លះទៀតតួអង្គសត្វ)
    រឿងបែបសង្គ្រាម
    រឿងបែបរិះគន់(ធម្មតា)
    រឿងបែបកំប្លែង(រិះគន់)
​ ​​​​   រឿងបែបស្នេហា។ល។
  ៦​ រឿងបែបអប់រំ«រឿងខ្លីដោយរូបភាព»។
សរុបមករឿងខ្លីមានពីរគឺរឿងពិត និងរឿងប្រឌិត


                                  ស្រាវជ្រាវ និងរៀបរៀង
                                      ដោយ វ៉ែន​ សុន  

Saturday, October 15, 2011

វិធីសាស្ត្រនិពន្ធរឿងខ្លីសម្រាប់កុមារ

​  និយមន័យ អ្វីទៅហៅថារឿង?
ឆ/ ដែលហៅថា «រឿង» មានន័យថា «ទំនាស់» បើយើងនិពន្ធរឿងណាមួយដូចជា រឿងប្រលោម​កំណាព្យ, រឿងប្រលោមលោក ឬ រឿងខ្លីសម្រាប់កុមារ។ល។ បើយើងនិពន្ធបានហើយ ប៉ុន្តែគ្មាន
«ទំនាស់» នោះមិនមែនជារឿងឡើយ។

I/ មុនពេលនិពន្ធរឿង  ( តើយើងត្រូវធ្វើអ្វីខ្លះ? )
១/យើងត្រូវរកគំនិតដើម្បីសរសេររឿង។
1. យើងត្រូវអានឱ្យបានច្រើន ទើបយើងមានគំនិត នឹងបានបទពិសោធន៍ពីគេ។ ប៉ុន្តែអ្នកមិនត្រូវ
លួចស្នាដៃគេយកមកធ្វើជាស្នាដៃរបស់ខ្លួនជាដាច់ខាត។
2. យើងត្រូវចេះសង្កេតពិនិត្យពីសង្គម តើមានអ្វីកើតឡើង។
3. បើចង់និពន្ធរឿងសម្រាប់កុមារ យើងត្រូវរកវត្ថុ «ពីរ» ដែលមិនទំនាក់ទំនងនឹងគ្នា គឺវាផ្ទុយពីគ្នា។ ឧទាហរណ៍ៈ កុមារតូច និងស្បែកជើងរបស់ឪពុកវា, ស្វា និងកញ្ចក់ឆ្លុះមុខ,  សៀវភៅ និងកូនគោ​ឬក្តាមនិងខ្មៅដៃពណ៌។ល។

II/ ពេលសរសេររឿង តើយើងត្រូវចាប់សរសេរពីណាទៅណា?
ឆ/ ១. ត្រូវសរសេរផ្តើមរឿង ( ចោទ ) Problem. ( កុំប្រើពាក្យ កាលពីព្រេងនាយ ឱ្យសោះ )
ត្រូវប្រើពាក្យដូចជាៈ «ថ្ងៃមួយ, ពេលមួយ, យប់មួយ, កាលពីដើមឡើយ, ឬ​កាលពីយូវលង់​មក​ហើយ»។ល។ ( ធ្វើយ៉ាងណាឱ្យកុមារ ឬអ្នកអានឆ្ងល់ )។

២/​ត្រូវសរសេរ តួរឿង ( ចង) Complication./ គឺយើងសរសេរពីដំណើររឿង។ ការសរសេរពីចំណុច
ទី២នេះ យើងត្រូវប្រើពាក្យគន្លឹះដូចជាៈ « រំពេចនោះ, ( ប្រសិនបើ, ហេតុអ្វី? ព្រោះអ្វី?»។ល។ )

៣/ ត្រូវសរសេរបញ្ចប់រឿង ( ស្រាយ ) Solution / ពាក្យគន្លឹះដែលត្រូវប្រើដូចជាៈ
«បន្ទាប់មក . . . ឬ ចាប់ពីពេលនោះមក . . . »។ល។

III / ប្រការដែលយើងគួរចៀសវាង
អ្នកមិនត្រូវសរសេររឿងណាមានតួអង្គជាសត្វ ដែលក្នុងប្រទេសយើងមិនមាននោះទេ។ល។
ឧទាហរណ៍ ដូចជាសត្វកង់ហ្គូរូជាដើម។ល។

                                                                                                  

*បញ្ជាក់ៈអំពីវិធីសាស្ត្រសរសេររឿងគឺ
១/ ការចាប់ផ្តើម បើតាមបទពិសោធន៍របស់ខ្ញុំដូចខាងក្រោមនេះ។
ក/ ការសរសេរចាប់ផ្តើម អ្នកនិពន្ធត្រូវបង្ហាញពីបំណងរឿង ដែលជាកម្លាំងចលករជំរុញសាច់រឿង
ឱ្យកុមារ ឬអ្នកអានមានការចាប់អារម្មណ៍ចង់អានបន្តបន្ទាប់ទៀត។
ខ/ ការសរសេរពីបញ្ហា( Problem )
ចំណុចនេះ អ្នកនិពន្ធត្រូវសរសេរពីផលវិបាករបស់តួអង្គដែលត្រូវប្រឈមនឹងបញ្ហាផ្សេងៗ ដូចជាទំនាស់និង
អាត្មាខ្លួន, ទំនាស់នឹងក្រុមគ្រួសារ,ទំនាស់នឹងសង្គមឬនឹងធម្មជាតិ។ល។
គ/ ការសរសេរអំពីភាពស្មុគ្រស្មាញ(Complication)អ្នកនិពន្ធត្រូវសរសេរបង្ហាញពីស្ថានការណ៍ ឬពី
សកម្មភាពផ្លូវកាយ​និងផ្លូវចិត្ត របស់តួអង្គដែលកំពុងតានតឹង( ដំណាក់កាលនេះយើងត្រូវធ្វើឱ្យសាច់រឿង
ឡើងខ្ពស់ និងបង្ហាញពីការខំព្យាយាមរបស់តួអង្គ ក្នុងការដោះស្រាយបញ្ហា )។
ឃ/ ចំណុចនេះ អ្នកនិពន្ធត្រូវសរសេរពីភាពស្មុគ្រស្មាញដល់កំពូល (​ Climax )គឺបង្ហាញពីបញ្ហា ឬ
ស្ថានការណ៍ដែលកាន់តែធ្ធន់ធ្ធរឡើងៗ ដែលតួអង្គកំពុងប្រឈមមុខនិងពិបាកដោះស្រាយ ចំណុចនេះ
សាច់រឿងឡើងដល់កំពូល ធ្វើឱ្យអ្នកអានចង់ដឹងពីដំណោះស្រាយ។ល។
ង/ អ្នកនិពន្ធត្រូវសរសេរពីដំណោះស្រាយ( Solution )បញ្ហារឿងទាំងមូលឱ្យសមហេតុសមផលដែល
កុមារ( ឬអ្នកអាន)ទទួលយកបាន។
​​​​វ៉ែន សុន

Sunday, October 2, 2011

បទពិសោធន៍និពន្ធបទភ្លេង និងទំនុកច្រៀង

    ក្មួយៗយុវអ្នកនិពន្ធជាទីស្រឡាញ់ មតិមួយចំនួនតែងតែពោលស្ទើរគ្រប់មាត់ថាៈ​ « បទភ្លេង និង
ទំនុកច្រៀងដែលជាស្នាដៃអ្នកជំនាន់ដើម អ្នកនិពន្ធភាគច្រើនទៅចោលស្នាដៃ។ រីឯបទភ្លេង និង​ទំនុកច្រៀងសម័យឥឡូវ ស្នាដៃទៅចោលមុនម្ចាស់» ។
   ដូច្នេះ ដើម្បីចូលរួមស្តារនូវស្នាដៃអ្នកកវីនិពន្ធជំនាន់ថ្មី ឱ្យបានល្បីដូចអ្នកកវីនិពន្ធរៀមច្បងយើង
ជំនាន់មុន ខ្ញុំសូមជម្រាបជូនអំពីបទពិសោធន៍ដែលខ្ញុំមានតិចតួចស្តួចស្តើង ដូចតទៅៈ
« តាមបទពិសោធន៍របស់ខ្លួនខ្ញុំផ្ទាល់ ការនិពន្ធបទភ្លេង និង ទំនុកច្រៀងមាន២បែប» គឺ

ទី១/ យើងនិពន្ធបទភ្លេង( Melodie )មុន រួចទើបនិពន្ធទំនុកច្រៀង( Parole ) ជាក្រោយ។ ដូច្នេះវិធីទី១
នេះ ពេលយើងនិពន្ធទំនុកច្រៀង ត្រូវធ្វើយ៉ាងណាឱ្យខ្លឹមសារនៃទំនុកច្រៀងនោះបានសមស្របទៅ
នឹងបទភ្លេង​ដែលយើងបាននិពន្ធរួច ឬ បទភ្លេងដែលអ្នកនិពន្ធបទប្រគល់ឱ្យយើង។ មានន័យថាៈ
« បើបទភ្លេងនោះ ជាបទមនោសញ្ចេតនា យើងក៏ត្រូវនិពន្ធទំនុកច្រៀង ជាទំនុកមនោសញ្ចេតនា​ដូចគ្នាដែរ »។ បើបទភ្លេងនោះសប្បាយរីករាយ  យើងក៏ត្រូវនិពន្ធទំនុកច្រៀងសប្បាយរីករាយដូច​គ្នា។
   សួរថា តើយើងត្រូវស្វែងយល់ពី «បទភ្លេងបែបមនោសញ្ចេតនា និងបទភ្លេងបែបសប្បាយរីករាយ
ដោយវិធីណា?»
   បញ្ហានេះ ក្មួយៗត្រូវសិក្សាស្វែងយល់អំពី « សង្វាក់ភ្លេង ( Cadance ) » ឱ្យបានច្បាស់ជាមុនសិន
នោះទើបយើងនិពន្ធបទ ឬ និពន្ធទំនុកច្រៀងបានល្អប្រសើរ។
ឧទាហរណ៍ៈ បើសង្វាក់ភ្លេង ( Cadance ) បែបមនោសញ្ចេតនាដូចជា Slow    Slow-Rock    Bolero
Bolero-Lent ( សម្រាប់សង្វាក់ 4/4 or C ) និង សង្វាក់ Boston ( សម្រាប់សង្វាក់ 3/4 )។ល។ ចំពោះ
សង្វាក់បែបសប្បាយរីករាយវិញ ភាគច្រើនជាបទភ្លេងបែបប្រជាប្រិយដូចជា Rumvong   Saravann
Lamlao   Taloung    Proeun  & Cha Cha  ឬ Madison ជាដើម។ល។

ទី២/ របៀបនិពន្ធទំនុកច្រៀងមុនបទភ្លេងវិញ  ក៏យើងត្រូវនិពន្ធបទភ្លេងឱ្យសមស្របទៅនឹងមនោ
សញ្ចេតនារបស់ទំនុកច្រៀងដែលបាននិពន្ធមុនននោះដែរ ។ ប៉ុន្តែការនិពន្ធទំនុកមុននេះ  ក្មួយៗ
ត្រូវចងចាំថា បើយើងចង់បានបទបែបមនោសញ្ចេតនា​ ត្រូវនិពន្ធទំនុកជាកំណាព្យបទពាក្យ៨។
បើយើងចង់បានបទបែបប្រជាប្រិយ ត្រូវនិពន្ធទំនុកជាកំណាព្យបទពាក្យ៤។ ដូច្នេះដើម្បីនិពន្ធ
ទំនុកច្រៀងឱ្យបានល្អ​ ចាំបាច់ក្មួយៗត្រូវរៀនកំណាព្យឱ្យបានចេះជាមុនសិន។ល។
    
   បើនិយាយជារួមមក របៀបនិពន្ធស្នាដៃអ្វីក៏ដោយ យើងត្រូវធ្វើការងារជា៣ជំហានគឺៈ
ជំហានទី១/ ត្រូវស្រាវជ្រាវនិងកត់ត្រាឯកសារទុកជាមុនសិន ។

ជំហានទី២/ នៅពេលស្រាវជ្រាវឯកសារតម្រូវទៅនឹងប្រធានបទដែលយើងចង់បានរួចហើយ​​ ត្រូវ
ធ្វើគម្រោងជាមុនសិន ( ឧ. មុននឹងសាងសង់ផ្ទះ ត្រូវធ្វើ Plan ) ។

ជំហានទី៣/ ទើបចាប់ផ្តើមនិពន្ធទៅតាមទម្រង់នីមួយៗ ដែលយើងចង់បាន។

                                                        
                                             របៀបនិពន្ធជាក់ស្តែង

ក/ របៀបនិពន្ធបទភ្លេង
     1-ត្រូវចេះប្រើឧបករណ៍ភ្លេងណាមួយ ដូចជា Piano  Organe Guita ឬ Mondolin ។ល។
     2-ត្រូវចេះអក្សរភ្លេង ( Solfege ) និងទ្រឹស្តីនៃអក្សរភ្លេង ( Theorie de Musique ) ឱ្យបានច្បាស់លាស់
         ជាមុនសិន ដើម្បីងាយស្រួលក្នុងការកំណត់អំពីកម្រិតសំឡេង ដែលភាសាបច្ចេកទេសភ្លេង​ 
         ហៅថា « Ton » ។ ឧទាហរណ៍ៈ បទភ្លេងដែលយើងកំពុងនិពន្ធនោះ « ជាតុង Majeur ឬជាតុង
        Mineur? »។ បើតុង Majeur តើជាតុង Do ( C ) ឬតុង Fa ( F ) ឬក៏ជាតុង Sol ( G )។ល។
        ចំណាំៈ បើជាតុង Sol ( G ) មាន Diese 1 ( # ) ។ បើជាតុង Fa ( F ) វិញ មាន Bemol 1 ( ​b ) ។ល។
    ​ 3-ត្រូវស្គាល់អំពីសង្វាក់ភ្លេង ( Cadance ) ។ ឧ. សង្វាក់​ ៤/៤ តាងដោយអក្សរ ( C ) ដូចជាសង្វាក់
Slow   Slow-Rock   Bolero  Bolero-Lent  Bossanowa  Cha Cha   Madison  ឬក៏ជាសង្វាក់      Rumvong
Rumkbach  Saravann  Lamlao  Breun  Talong  ។ល។
បើជាសង្វាក់  ៣/៤ វិញមានសង្វាក់  Boston ។ល។ ដូចជាបទ នឹកអូនជានិច្ច និងបទ Violonស្នេហា
ជាដើម ។ល។
បើជាសង្វាក់ ២/៤ មានសង្វាក់ភ្លេងដើរ ( Marche ) និងសង្វាក់ Pasodouble ។ល។
     4-ដើម្បីនិពន្ធបានបទភ្លេងមួយបទដែលមានពណ៌សំបុរជាខ្មែរ អ្នកនិពន្ធបទភ្លេងត្រូវព្យាយាម
ស្តាប់បទភ្លេងឱ្យបានច្រើន។ ជាពិសេសដូចជា បទមហោរី , បទភ្លេងប្រពៃណី( ភ្លេងការ )   និង
បទភ្លេងសម័យទំនើប ដែលជាស្នាដៃខ្មែរយើងពីជំនាន់ដើម។ល។ ក្រៅពីនោះបទភ្លេងបរទេស ក៏
យើងត្រូវស្តាប់ដែរ។ ប៉ុន្តែយើងមិនមែនស្តាប់ដើម្បីលួចចម្លងបទគេទាំងស្រុងនោះទេ។

ខ/ របៀបនិពន្ធទំនុកច្រៀង
     ដូចខ្ញុំបានលើកឡើងពីខាងដើមសព្វគ្រប់អស់ហើយ។ ប៉ុន្តែខ្ញុំសូមរំលឹកឡើងវិញ ដើម្បីឱ្យក្មួយៗ
     បានជាគំនិតបន្ថែមទៀតដូចជាៈការនិពន្ធទំនុកច្រៀងមួយបទ យើងត្រូវគិតថាការងារនេះ ពិបាក
     ជាងនិពន្ធរឿងប្រលោមលោកមួយរឿងទៅទៀត។ ពីព្រោះទំនុកច្រៀងមួយបទគឺជា«រឿងមួយ»
     ដូចគ្នា។ ហេតុអ្វីបានជាខ្ញុំថាពិបាកជាងនិពន្ធរឿងប្រលោមលោក? ព្រោះទំនុកច្រៀងមួយបទៗ
     យើងអាចសរសេរបានតែ «កំណាព្យ៤ល្បះ» ប៉ុណ្ណោះ។​ ប៉ុន្តែសាច់រឿងមាន«ចោទ,ចង,ស្រាយ»
     ដូចរឿងប្រលោមលោកដែរ នោះហើយជាការពិបាកសម្រាប់អ្នកនិពន្ធ។ល។

   ជាពិសេសអ្នកសិល្បៈត្រូវយល់ច្បាស់ថា​ បើយើងចង់សាងស្នាដៃសិល្បៈឱ្យបានជោគជ័យនោះ
ទ្រឹស្តីសិល្បៈមានពីរគឺ «ល្អភ្នែក! ពីរោះត្រចៀក!» ។ល។

                                                                                                      ០៣/​ ១០/ ២០១១
                                                                                                             វ៉ែន សុន

របៀបនិពន្ធស្នាដៃអក្សរសិល្ប៍គ្រប់ទម្រង់ឱ្យបានជោគជ័យ

របៀបនិពន្ធបទ ពស់លេបកន្ទុយ ( ពាក្យ៧ )

                           កំណាព្យ កូនអើយខំរៀន
                       បទពស់លេបកន្ទុយ ( ពាក្យ៧ )

កូនអើយខំរៀនទាន់នៅក្មេង          សម្តីកុំក្អេងក្អាងបំពាន
សម្តីកុំក្អេងក្អាងបំពាន                     កូនអើយខំរៀនទាន់នៅក្មេង។

រៀនកុំបែកឆ្វេងមានស្នេហា            ក្នុងវ័យសិក្សាកុំគិតផ្សេង
ក្នុងវ័យសិក្សាកុំគិតផ្សេង                 រៀនកុំបែកឆ្វេងមានស្នេហា ។

ម៉ោងទៅសាលាកុំអែអង់                 ជួបគ្នាលើបង់តាមសួនច្បារ
ជួបគ្នាលើបង់តាមសួនច្បារ             ម៉ោងទៅសាលាកុំអែអង់      ។

ឡានម៉ូតូកង់ញើសពុកម៉ែ                កូនខ្លះប៉ោឡែធ្វើឫកខ្ញង់
កូនខ្លះប៉ោឡែធ្វើឫកខ្ញង់                   ឡានម៉ូតូកង់ញើសពុកម៉ែ    ។

កូននៅក្រុងស្រែត្រូវខំរៀន               ទើបជាតិយើងមានអ្នកស្នងខ្មែរ
ទើបជាតិយើងមានអ្នកស្នងខ្មែរ        កូននៅក្រុងស្រែត្រូវខំរៀន   ៕

                                              
                                                        ២១. ១០. ២០១០                 
                                                   និពន្ធដោយ វ៉ែន សុន

របៀបនិពន្ធបទ ព្រហ្មគីតិ ( បែបល្បើក & សុភាសិត )

   កំណាព្យ ទឹមគោគ្រប់រដូវ បានផលស្រូវឱ្យសេះស៊ី
                                 បទព្រហ្មគីតិ
                       ( បែបល្បើក សុភាសិត )

ថ្ងៃរះជះកម្តៅ                        គោស៊ីស្មៅនៅក្បែរថ្នល់
ឮ « កុបៗ! »គោឆ្ងល់            ពេលមកដល់ដឹងសេះដើរ  ។

គោឃើញគិតក្នុងចិត្ត           នឹកអាណិតសេះជាក្លើ
អូសរទេះ ធ្ងន់តើ                  មិនប្រសើរដូចគោឡើយ     ។

លុះពេលពន់ព្រលប់            សេះបានឈប់ជួបគោហើយ
គោប្រាប់ទើបសេះឆ្លើយ      ថាអ្នកអើយខ្ញុំគិតអ្នក            ។

គោបើកភ្នែកធំភ្លាម              មិននៅស្ងៀមសួរបញ្ជាក់
សេះឆ្លើយប្រាប់មិនលាក់     ថាគោធ្លាក់ភ័យន្តរាយ           ។

ព្រោះម្ចាស់គោឈប់ទឹម      កុំញញឹមសើចសប្បាយ
គោយន្តពីស្រុកឆ្ងាយ           ម្ចាស់ចំណាយទិញភ្ជួរស្រែ   ។

គោពិតពុំនឿយហត់            ម្ចាស់ប្រាកដចិញ្ចឹមថែ
យកសាច់ដូចជ្រូកដែរ         ព្យួរហូរហែតាមតៀមផ្សារ     ។

សេះប្រាប់គោព្រួយគិត       ជាពាក្យពិតដូចសេះថា
គោព្រួយគ្រប់អាត្មា              ម្ចាស់ ហ៊ឺហាឥតមានខ្វល់     ។

គោគិតកាលភ្ជួរដី                ស្រូវលាស់ខ្ចីស្មៅគ្មានសល់
 ចំបើងផ្អួរ ម្ចាស់់ផ្តល់           ស្រូវបានផលឱ្យសេះស៊ី         ៕


                                                         ២០០៧
                                               និពន្ធដោយ វ៉ែន សុន