កំណាព្យ ស្អប់!
បទផ្កាឈូករីក(ពាក្យ៧)
ស្អប់ពួកពាលព្រើល ទើបជួបប្រាជ្ញ
ស្អប់ចិត្តកោងកាច
ទើបជួបស្លូត
ស្អប់ល្ងង់ទើបជួប
ពហុស្សូត
ស្អប់ខ្ជិលខិលខូច ទើបឧស្សាហ៍ ។
ស្អប់អំពើបាប ទើបជួបបុណ្យ
ស្អប់ឫកត្រុនៗ
ទើបហានក្លា
ស្អប់ពាក្យអមិត្ត
ទើបសុខា
ស្អប់អាប់ប្រាជ្ញា
ទើបខំរៀន ។
ស្អប់ពាក្យអាក្រក់
ទើបជួបល្អ
ស្អប់ពាក្យថាក្រ
ទើបជួបមាន
ស្អប់ពាក្យកំណាញ់
ទើបធ្វើទាន
ស្អប់ពាក្យថាឃ្លាន
ទើបពេញពោះ ។
ស្អប់អំពើខុស
ទើបជួបត្រូវ
ស្អប់ពាក្យអាស្រូវ
ជួបកិត្តិយស
ស្អប់ពាក្យថោកទាប
ទើបជួបខ្ពស់
ស្អប់ពាក្យនាំឈ្លោះ
ទើបសុខសាន្ត៕៚
ថ្ងៃពុធ
ទី៣១ ខែតុលា ឆ្នាំ ២០១២
និពន្ធដោយ
វ៉ែន សុន
ទីប្រឹក្សាគណៈកម្មការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ
ព្រះព្រហ្ម
កំណាព្យបទពាក្យ៧
ពុកម៉ែមានគុណធ្ងន់ក្រៃក្រាស កូនខ្លះពេលថ្ងៃបែរវង្វេង
យប់ទើបបន់ព្រះព្រើលគ្រឹកគ្រេង ព្រះរស់ធំធេងមិនវន្ទា។
ពុកម៉ែជាព្រះបុព្វាចារ្យ គ្រូដើមអាត្មាបុត្រគ្រប់គ្នា
អប់រំកូនចៅសព្វវិជ្ជា មុនគ្រូនានាផងទាំងឡាយ។
បុព្វទេវាល្អឥតបី ថែកូនប្រុសស្រីសុខគ្រប់កាយ
ភ្លៀងក្តៅម៉ែពុកមិននឿយណាយ ឱ្យកូនគ្រប់កាយរស់ជួបជុំ។
ពុកម៉ែទាំងទ្វេគុណខ្ពង់ខ្ពស់ លោកសក្តិសមឈ្មោះជាព្រះព្រហ្ម
មានវិហារធម៌បួនអប់រំ លើកស្ទួយសង្គមបុត្រធីតា។
លោកមានមេត្តាកូនគ្រប់ប្រាណ ពុកម៉ែថែមបានករុណា
អរកូនបានសុខមុទិតា ចិត្តឧបេក្ខាស្មើៗគ្នា។
អាហុនេយ្យោល្អជាងជាក់ លោកគួរជាអ្នកកូនបូជា
តបស្នងសងគុណគ្រប់វេលា ចិញ្ចឹមព្រហ្មាទាន់រស់នៅ៕
២០០៥
និពន្ធដោយ វ៉ែន សុន
(កំណាព្យនេះ ដកស្រង់ពីសៀវភៅ "កម្រង់ផ្កាចំណងមេត្រី" ដែលបោះពុម្ព
ជាបីភាសា ខ្មែរ ថៃ និងអង់គ្លេស៍ នៅមហាវិទ្យាល័យចូឡាឡុងកន ប្រទេសថៃ
រួមជាមួយកវីនិពន្ធខ្មែរចំនួន៦នាក់ និងកវីនិពន្ធថៃចំនួន១០នាក់)

No comments:
Post a Comment