កំណាព្យ មាគ៌ាឈ្នះៗ
បទពាក្យ៧
-ប្រាំពីរមករាឆ្នាំរំដោះ
ភ្នំពេញខ្ទេចអស់ដូចក្រុងខ្មោច
ស្ងប់ស្ងាត់ជ្រងំធុំអសោច អគារហិនហោចគ្រប់ទិសទី។
-ធនាគារជាតិព៌ណក្រហម ផ្លូវអមបាត់ក្បាលនាគទាំងពីរ
ប៉ុលពតបំផ្លាញសល់ធរណី ក្រុងធ្លាប់មូលមីរយប់ងងឹត។
-អារាមសល់ខ្លះខ្វះព្រះសង្ឃ អ្នកខ្លះឯកអង្គដើរព្រួយគិត
ខំផ្សាយដំណឹងរកញាតិមិត្ត រឿងពិតជញ្ជាំងជាអក្ខរា។
-កាលសម័យរដ្ឋកម្ពុជា ដៃម្ខាងការពារដែនសីមា
ដៃម្ខាងកសាងជាតិសាសនា ផ្តើមសាងរដ្ឋាដៃទទេ។
-រហូតមានផ្លូវស្ពានអាកាស ស្ពានច្រើនដេរដាសឆ្លងទន្លេ
កូនបានទៅរៀនទាំងយើងគេ ស្ពានកើតកើនទ្វេច្រើនជាងជាក់។
-ស្ពានជ្រោយចង្វាច្បារអំពៅ
ព្រែកក្តាមព្រែកព្នៅព្រែកតាមាក់
ស្ពានគីហ្ស៊ូណាចារបញ្ជាក់ ពីនាក់មិត្តភាពជប៉ុន-ខ្មែរ។
-ស្ពានខេត្តស្ទឹងត្រែងវែងល្អស្រស់ ជិតកោះគ្របបាយឆ្លងហូរហែ
ស្ពានខេត្តកោះកុងសីមាផែ ទីស្នេហ៍នាងភឹមនិងឃុនផែន។
-ដូច្នេះទើបកើនពួកទេសចរណ៍ ចូលមកកុះករច្រកជាយដែន
មាគ៌ាឈ្នះៗតេជោសែន បត់បែនបានខ្មែរសុខថ្កើងថ្កាន៕៚
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២
និពន្ធដោយ វ៉ែន សុន
ទីប្រឹក្សាគណៈកម្មការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ
កំណាព្យ ខ្លែងហោះត្បិតខ្សែ
បទកាកគតិ
ខ្លែងហោះត្បិតខ្សែ
ខ្លែងក្រដាសខ្មែរ មិនមែនបក្សី
ខ្លែងធំខ្លែងតូច ខ្លែងចាស់ខ្លែងថ្មី ខ្មែរក្មេងប្រុសស្រី
បានបីបង្ហោះ។
ខ្លែងហោះត្បិតខ្សែ
ខ្លែងក្រុងខ្លែងស្រែ មានខ្សែទាំងអស់
ខ្លែងឯកហោះខ្ពស់ ពីរោះស្រណោះ ព្រោះខ្សែវែងសោះ
ទើបហោះជួបខ្យល់។
ខ្លែងហោះត្បិតខ្សែ
ខ្លែងតូចធំដែរ បានហោះឥតខ្វល់
ខ្សែវែងខ្លីខ្លះ ដែលម្ចាស់បានផ្តល់ ខ្លែងហោះគ្មានសល់
ទាបខ្ពស់ព្រោះខ្សែ ៕៚
ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០០៧
និពន្ធដោយ វ៉ែន សុន
ទីប្រឹក្សាគណៈកម្មការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ
No comments:
Post a Comment