Monday, December 31, 2012


                           កំណាព្យ ចិត្តចងចាំ
                                     បទពាក្យ៧

អក្ខរាចាចែងថ្លែងឈឺចាប់            ស្រែកប្រាប់មិត្តញាតិជាតិជួយចាំ
ត្បូងចបដំបងផងគុកកម្ម             បណ្តាំកវីស្តីរឿងខ្មែរ។

ប៉ុលពតពាលខ្លៅខ្មៅស្លៀកពាក់   ទាត់ធាក់បាញ់កាប់ស្លាប់ហូរហែ
បីឆ្នាំម្ភៃថ្ងៃប្រាំបីខែ                      ចោទខ្មែរជាខ្មាំងទាំងកម្ពុជា។

ទុកមិនចំណេញ-ចេញមិនខាត    ពាក្យត្មាតប្រមាថខ្មែរគ្រប់គ្នា
បាត់សិទ្ធិជាមនុស្សរបបវា            គ្រប់គ្រាភ័យភិតគិតរឿងស្លាប់។

បបរមួយកាថ្លាយល់ទឹក              យប់ព្រឹកសម្រុកការគាស់កាប់
ទាំងគ្រុនហើមហត់មាត់ខ្លាចស្លាប់ ជួយស្តាប់ប្រាប់ប្អូនកូនចៅខ្មែរ។

ត្រូវមានកំហឹងខឹងខ្ពើមស្អប់         តែកប់គំនុំទាំងក្រុងស្រែ
សាមគ្គីសាងជាតិញាតិជួយថែ     ខ្មែរស្រឡាញ់ខ្មែរសុខរៀងអើយ៕៚

                                               ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៨៤
                                               និពន្ធដោយ វ៉ែន សុន


                         
                             កំណាព្យ     មាគ៌ាឈ្នះៗ
                                          បទពាក្យ៧
-ប្រាំពីរមករាឆ្នាំរំដោះ                         ភ្នំពេញខ្ទេចអស់ដូចក្រុងខ្មោច
 ស្ងប់ស្ងាត់ជ្រងំធុំអសោច                   អគារហិនហោចគ្រប់ទិសទី។
-ធនាគារជាតិព៌ណក្រហម                  ផ្លូវអមបាត់ក្បាលនាគទាំងពីរ
 ប៉ុលពតបំផ្លាញសល់ធរណី               ក្រុងធ្លាប់មូលមីរយប់ងងឹត។
-អារាមសល់ខ្លះខ្វះព្រះសង្ឃ               អ្នកខ្លះឯកអង្គដើរព្រួយគិត
 ខំផ្សាយដំណឹងរកញាតិមិត្ត               រឿងពិតជញ្ជាំងជាអក្ខរា។
-កាលសម័យរដ្ឋកម្ពុជា                       ដៃម្ខាងការពារដែនសីមា
 ដៃម្ខាងកសាងជាតិសាសនា              ផ្តើមសាងរដ្ឋាដៃទទេ។
-រហូតមានផ្លូវស្ពានអាកាស                ស្ពានច្រើនដេរដាសឆ្លងទន្លេ
 កូនបានទៅរៀនទាំងយើងគេ            ស្ពានកើតកើនទ្វេច្រើនជាងជាក់។
-ស្ពានជ្រោយចង្វាច្បារអំពៅ               ព្រែកក្តាមព្រែកព្នៅព្រែកតាមាក់
 ស្ពានគីហ្ស៊ូណាចារបញ្ជាក់                ពីនាក់មិត្តភាពជប៉ុន-ខ្មែរ។
-ស្ពានខេត្តស្ទឹងត្រែងវែងល្អស្រស់       ជិតកោះគ្របបាយឆ្លងហូរហែ
 ស្ពានខេត្តកោះកុងសីមាផែ              ទីស្នេហ៍នាងភឹមនិងឃុនផែន។
-ដូច្នេះទើបកើនពួកទេសចរណ៍          ចូលមកកុះករច្រកជាយដែន
 មាគ៌ាឈ្នះៗតេជោសែន          បត់បែនបានខ្មែរសុខថ្កើងថ្កាន៕

                                            ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២
                                                និពន្ធដោយ វ៉ែន សុន
                       ទីប្រឹក្សាគណៈកម្មការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ
 

                         កំណាព្យ  ខ្លែងហោះត្បិតខ្សែ
                                      បទកាកគតិ

ខ្លែងហោះត្បិតខ្សែ          ខ្លែងក្រដាសខ្មែរ             មិនមែនបក្សី  ខ្លែងធំខ្លែងតូច               ខ្លែងចាស់ខ្លែងថ្មី ​​       ខ្មែរក្មេងប្រុសស្រី
                                    បានបីបង្ហោះ។

ខ្លែងហោះត្បិតខ្សែ         ខ្លែងក្រុងខ្លែងស្រែ      មានខ្សែទាំងអស់
ខ្លែងឯកហោះខ្ពស់         ពីរោះស្រណោះ       ព្រោះខ្សែវែងសោះ
                                   ទើបហោះជួបខ្យល់។

ខ្លែងហោះត្បិតខ្សែ       ខ្លែងតូចធំដែរ             បានហោះឥតខ្វល់
ខ្សែវែងខ្លីខ្លះ               ដែលម្ចាស់បានផ្តល់  ខ្លែងហោះគ្មានសល់
                                ទាបខ្ពស់ព្រោះខ្សែ ៕

                             ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០០៧
                                    និពន្ធដោយ វ៉ែន សុន
             ទីប្រឹក្សាគណៈកម្មការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ

Thursday, December 6, 2012

                ទំនុកច្រៀង" សាវតារខ្មែរ " តើនរណាជាអ្នកនិពន្ធ?

កន្លងមកមានមតិជាច្រើនយល់ច្រឡំថាបទសាវតារខ្មែរ(គេថាបទពង្សាវតារខ្មែរទៅវិញ)
ថាជាស្នាព្រហស្តសម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គនិពន្ធ គឺជាមតិខុសឆ្គង។
តាមពិតបទនេះ " ទំនុកច្រៀងនិពន្ធដោយលោក នួន កន  " បទភ្លេងបុរាណឈ្មោះ
" បទស្រីខ្មែរត្បាញ" ។ លោក នួន កន ជាគ្រូបង្រៀន ធ្វើការនៅមន្ទីរចាត់ការនៃក្រសួង
គរុកោសល្យភ្នំពេញ។ទំនុកច្រៀងបទសាវតារខ្មែរដែលជាស្នាដៃរបស់លោក នួន កន
នេះ គឺនៅក្នុងចំណោមទំនុកច្រៀងរបស់លោកទាំង ១៦ បទ ក្នុងសៀវភៅ
" កម្រងសិល្បៈសិក្សា " ប្រកាសពីក្រសួង ពីថ្ងៃទី ៩ ធ្នូ ឆ្នាំ ១៩៥៨ ចុះហត្ថលេខាដោយ
លោក ចៅ​ សេង។ បទសាវតារខ្មែរ នេះនៅទំព័រទី២៤(ជាអក្សរភ្លេង)និងទី២៥ជាទំនុក។
លោក នួន កន បានបញ្ជាក់ថា" សៀវភៅកម្រងសិល្បៈសិក្សានេះ កើតឡើងដោយមាន
លោកលី គឹមអួង និងលោកឌីណាស្យូ ហៅសែម​ ជួយសរសេរអក្សរភ្លេង។
លោកហង្ស ធន់ហាក់ ជួយសរសេរទំនុកច្រៀង" ។

                                                                  ស្រាវជ្រាវឯកសារដោយ
                                                                              វ៉ែន សុន