Sunday, October 2, 2011

បទពិសោធន៍និពន្ធបទភ្លេង និងទំនុកច្រៀង

    ក្មួយៗយុវអ្នកនិពន្ធជាទីស្រឡាញ់ មតិមួយចំនួនតែងតែពោលស្ទើរគ្រប់មាត់ថាៈ​ « បទភ្លេង និង
ទំនុកច្រៀងដែលជាស្នាដៃអ្នកជំនាន់ដើម អ្នកនិពន្ធភាគច្រើនទៅចោលស្នាដៃ។ រីឯបទភ្លេង និង​ទំនុកច្រៀងសម័យឥឡូវ ស្នាដៃទៅចោលមុនម្ចាស់» ។
   ដូច្នេះ ដើម្បីចូលរួមស្តារនូវស្នាដៃអ្នកកវីនិពន្ធជំនាន់ថ្មី ឱ្យបានល្បីដូចអ្នកកវីនិពន្ធរៀមច្បងយើង
ជំនាន់មុន ខ្ញុំសូមជម្រាបជូនអំពីបទពិសោធន៍ដែលខ្ញុំមានតិចតួចស្តួចស្តើង ដូចតទៅៈ
« តាមបទពិសោធន៍របស់ខ្លួនខ្ញុំផ្ទាល់ ការនិពន្ធបទភ្លេង និង ទំនុកច្រៀងមាន២បែប» គឺ

ទី១/ យើងនិពន្ធបទភ្លេង( Melodie )មុន រួចទើបនិពន្ធទំនុកច្រៀង( Parole ) ជាក្រោយ។ ដូច្នេះវិធីទី១
នេះ ពេលយើងនិពន្ធទំនុកច្រៀង ត្រូវធ្វើយ៉ាងណាឱ្យខ្លឹមសារនៃទំនុកច្រៀងនោះបានសមស្របទៅ
នឹងបទភ្លេង​ដែលយើងបាននិពន្ធរួច ឬ បទភ្លេងដែលអ្នកនិពន្ធបទប្រគល់ឱ្យយើង។ មានន័យថាៈ
« បើបទភ្លេងនោះ ជាបទមនោសញ្ចេតនា យើងក៏ត្រូវនិពន្ធទំនុកច្រៀង ជាទំនុកមនោសញ្ចេតនា​ដូចគ្នាដែរ »។ បើបទភ្លេងនោះសប្បាយរីករាយ  យើងក៏ត្រូវនិពន្ធទំនុកច្រៀងសប្បាយរីករាយដូច​គ្នា។
   សួរថា តើយើងត្រូវស្វែងយល់ពី «បទភ្លេងបែបមនោសញ្ចេតនា និងបទភ្លេងបែបសប្បាយរីករាយ
ដោយវិធីណា?»
   បញ្ហានេះ ក្មួយៗត្រូវសិក្សាស្វែងយល់អំពី « សង្វាក់ភ្លេង ( Cadance ) » ឱ្យបានច្បាស់ជាមុនសិន
នោះទើបយើងនិពន្ធបទ ឬ និពន្ធទំនុកច្រៀងបានល្អប្រសើរ។
ឧទាហរណ៍ៈ បើសង្វាក់ភ្លេង ( Cadance ) បែបមនោសញ្ចេតនាដូចជា Slow    Slow-Rock    Bolero
Bolero-Lent ( សម្រាប់សង្វាក់ 4/4 or C ) និង សង្វាក់ Boston ( សម្រាប់សង្វាក់ 3/4 )។ល។ ចំពោះ
សង្វាក់បែបសប្បាយរីករាយវិញ ភាគច្រើនជាបទភ្លេងបែបប្រជាប្រិយដូចជា Rumvong   Saravann
Lamlao   Taloung    Proeun  & Cha Cha  ឬ Madison ជាដើម។ល។

ទី២/ របៀបនិពន្ធទំនុកច្រៀងមុនបទភ្លេងវិញ  ក៏យើងត្រូវនិពន្ធបទភ្លេងឱ្យសមស្របទៅនឹងមនោ
សញ្ចេតនារបស់ទំនុកច្រៀងដែលបាននិពន្ធមុនននោះដែរ ។ ប៉ុន្តែការនិពន្ធទំនុកមុននេះ  ក្មួយៗ
ត្រូវចងចាំថា បើយើងចង់បានបទបែបមនោសញ្ចេតនា​ ត្រូវនិពន្ធទំនុកជាកំណាព្យបទពាក្យ៨។
បើយើងចង់បានបទបែបប្រជាប្រិយ ត្រូវនិពន្ធទំនុកជាកំណាព្យបទពាក្យ៤។ ដូច្នេះដើម្បីនិពន្ធ
ទំនុកច្រៀងឱ្យបានល្អ​ ចាំបាច់ក្មួយៗត្រូវរៀនកំណាព្យឱ្យបានចេះជាមុនសិន។ល។
    
   បើនិយាយជារួមមក របៀបនិពន្ធស្នាដៃអ្វីក៏ដោយ យើងត្រូវធ្វើការងារជា៣ជំហានគឺៈ
ជំហានទី១/ ត្រូវស្រាវជ្រាវនិងកត់ត្រាឯកសារទុកជាមុនសិន ។

ជំហានទី២/ នៅពេលស្រាវជ្រាវឯកសារតម្រូវទៅនឹងប្រធានបទដែលយើងចង់បានរួចហើយ​​ ត្រូវ
ធ្វើគម្រោងជាមុនសិន ( ឧ. មុននឹងសាងសង់ផ្ទះ ត្រូវធ្វើ Plan ) ។

ជំហានទី៣/ ទើបចាប់ផ្តើមនិពន្ធទៅតាមទម្រង់នីមួយៗ ដែលយើងចង់បាន។

                                                        
                                             របៀបនិពន្ធជាក់ស្តែង

ក/ របៀបនិពន្ធបទភ្លេង
     1-ត្រូវចេះប្រើឧបករណ៍ភ្លេងណាមួយ ដូចជា Piano  Organe Guita ឬ Mondolin ។ល។
     2-ត្រូវចេះអក្សរភ្លេង ( Solfege ) និងទ្រឹស្តីនៃអក្សរភ្លេង ( Theorie de Musique ) ឱ្យបានច្បាស់លាស់
         ជាមុនសិន ដើម្បីងាយស្រួលក្នុងការកំណត់អំពីកម្រិតសំឡេង ដែលភាសាបច្ចេកទេសភ្លេង​ 
         ហៅថា « Ton » ។ ឧទាហរណ៍ៈ បទភ្លេងដែលយើងកំពុងនិពន្ធនោះ « ជាតុង Majeur ឬជាតុង
        Mineur? »។ បើតុង Majeur តើជាតុង Do ( C ) ឬតុង Fa ( F ) ឬក៏ជាតុង Sol ( G )។ល។
        ចំណាំៈ បើជាតុង Sol ( G ) មាន Diese 1 ( # ) ។ បើជាតុង Fa ( F ) វិញ មាន Bemol 1 ( ​b ) ។ល។
    ​ 3-ត្រូវស្គាល់អំពីសង្វាក់ភ្លេង ( Cadance ) ។ ឧ. សង្វាក់​ ៤/៤ តាងដោយអក្សរ ( C ) ដូចជាសង្វាក់
Slow   Slow-Rock   Bolero  Bolero-Lent  Bossanowa  Cha Cha   Madison  ឬក៏ជាសង្វាក់      Rumvong
Rumkbach  Saravann  Lamlao  Breun  Talong  ។ល។
បើជាសង្វាក់  ៣/៤ វិញមានសង្វាក់  Boston ។ល។ ដូចជាបទ នឹកអូនជានិច្ច និងបទ Violonស្នេហា
ជាដើម ។ល។
បើជាសង្វាក់ ២/៤ មានសង្វាក់ភ្លេងដើរ ( Marche ) និងសង្វាក់ Pasodouble ។ល។
     4-ដើម្បីនិពន្ធបានបទភ្លេងមួយបទដែលមានពណ៌សំបុរជាខ្មែរ អ្នកនិពន្ធបទភ្លេងត្រូវព្យាយាម
ស្តាប់បទភ្លេងឱ្យបានច្រើន។ ជាពិសេសដូចជា បទមហោរី , បទភ្លេងប្រពៃណី( ភ្លេងការ )   និង
បទភ្លេងសម័យទំនើប ដែលជាស្នាដៃខ្មែរយើងពីជំនាន់ដើម។ល។ ក្រៅពីនោះបទភ្លេងបរទេស ក៏
យើងត្រូវស្តាប់ដែរ។ ប៉ុន្តែយើងមិនមែនស្តាប់ដើម្បីលួចចម្លងបទគេទាំងស្រុងនោះទេ។

ខ/ របៀបនិពន្ធទំនុកច្រៀង
     ដូចខ្ញុំបានលើកឡើងពីខាងដើមសព្វគ្រប់អស់ហើយ។ ប៉ុន្តែខ្ញុំសូមរំលឹកឡើងវិញ ដើម្បីឱ្យក្មួយៗ
     បានជាគំនិតបន្ថែមទៀតដូចជាៈការនិពន្ធទំនុកច្រៀងមួយបទ យើងត្រូវគិតថាការងារនេះ ពិបាក
     ជាងនិពន្ធរឿងប្រលោមលោកមួយរឿងទៅទៀត។ ពីព្រោះទំនុកច្រៀងមួយបទគឺជា«រឿងមួយ»
     ដូចគ្នា។ ហេតុអ្វីបានជាខ្ញុំថាពិបាកជាងនិពន្ធរឿងប្រលោមលោក? ព្រោះទំនុកច្រៀងមួយបទៗ
     យើងអាចសរសេរបានតែ «កំណាព្យ៤ល្បះ» ប៉ុណ្ណោះ។​ ប៉ុន្តែសាច់រឿងមាន«ចោទ,ចង,ស្រាយ»
     ដូចរឿងប្រលោមលោកដែរ នោះហើយជាការពិបាកសម្រាប់អ្នកនិពន្ធ។ល។

   ជាពិសេសអ្នកសិល្បៈត្រូវយល់ច្បាស់ថា​ បើយើងចង់សាងស្នាដៃសិល្បៈឱ្យបានជោគជ័យនោះ
ទ្រឹស្តីសិល្បៈមានពីរគឺ «ល្អភ្នែក! ពីរោះត្រចៀក!» ។ល។

                                                                                                      ០៣/​ ១០/ ២០១១
                                                                                                             វ៉ែន សុន

No comments:

Post a Comment