Friday, November 4, 2011

អំពីអក្សរសិល្ប៍កុមារ

         អំពីអក្សរសិល្ប៍កុមារ
    -ទិដ្ឋភាពប្លែកគ្នានៅក្នុងអក្សរសិល្ប៍ ​​         
     ជាទូទៅ អក្សរសិល្ប៍កុមារគ្រប់បណ្តាប្រទេសខុសអំពី
អក្សរសិល្ប៍មនុស្សពេញវ័យ។ ដូចជារឿងប្រលោមលោក
ឬរឿងប្រលោមកំណាព្យជាដើម អ្នកនិពន្ធអាចសរសេរជា
ច្រើនទំព័រ ច្រើនភាគបាន ទៅតាមដំណើរជីវិតតួអង្គ​របស់ ​ខ្លួន។ ដោយឡែករឿងខ្លី ដែលជាអក្សរសិល្ប៍កុមារវិញ ​គឺ ខុសពីអក្សរសិល្ប៍មនុស្សធំទាំងអត្ថរូប ខុសទាំងតួអង្គជួនកាលជាមនុស្ស​ ជួនកាលជាសត្វ ​ឬជាធម្មជាតិផ្សេងៗ ។
ហើយប្រើភាសាសាមញ្ញ ប្រើឃ្លាខ្លីៗ ដែលក្នុងមួយទំព័រ
ប្រើអក្សរត្រឹមតែបួនបន្ទាត់យ៉ាងច្រើន។ ដំណើររឿងខ្លី
ប៉ុន្តែខ្លឹមសារអប់រំអាចអប់រំមនុស្សគ្រប់វ័យទៀតផង។
   តម្លៃនៃការអប់រំកុមារគឺៈ
អាចឲ្យកុមារមានបញ្ញា មានសេចកី្តក្លាហាន មានសេចក្តី​សង្ឃឹម មានការយល់ដឹងខាងភាសា យល់ដឹងពីប្រពៃណីទំនៀមទម្លាប់ នៃវប្បធម៌ជាតិ និងអន្តរជាតិ។
-អក្សរសិល្ប៍កុមារនៅកម្ពុជា
-ក្រោយសម័យអង្គរ មានបួនសម័យកាលគឺៈ
   1-សម័យអនានិគម អក្សរសិល្ប៍កុមារមានពីរចលនា។
     -ចលនាទី១ការនិទានរឿងតៗគ្នា មានពីរចរន្តទៀត។ ចរន្តទីមួយ រឿងបែប​លើកតម្កើងត្រកូលអភិជន ដូចជា
រឿងធនញ្ជ័យ (ហៅរឿងអាជ័យប្រាជ្ញ)  ចរន្តទីពីរ រឿង
បែបបន្តុះបង្អាប់វណ្ណកសិករ និងកម្មករ ដូចជារឿងអាជ័យ
មីគ្រត (រឿងអាជ័យល្ងង់) រឿងអាសម្គមបាញ់លលក និង​រឿង​​​អាតម្លង់ប្រាំពីរសន្តានជាដើម។ល។
    -ចលនាទី២ រឿងល្បើកជាពាក្យកាព្យជាច្រើនត្រូវបាន
ចារជាសាត្រាស្លឹករឹត​ នៅតាមវត្តអារាមនានា ដូចជារឿង
ជុចនិងត្រី រឿងបណ្តាំក្តាមខ្យង និងរឿងជាងកែវជាដើម។
         2-សម័យកាលប្រទេសជាតិបានឯករាជ្យ
   ក្នុងសម័យកាលនេះអក្សរសិល្ប៍កុមារមានចលនាជឿន
លឿនជាង សម័យអនានិគមដូចជាការនិទានតៗគ្នា នៅ
តែបន្ត។ ហើយរឿងព្រេងនិទានជាច្រើនត្រូវបានបោះពុម្ព
ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបាន៩ភាគ។ សៀវភៅ​​គតិលោកជាច្រើនភាគ និងសៀវភៅស្រីហិតោបទេស
ដែលប្រែពីភាសាសំស្ក្រឹតដោយព្រះភិក្ខុប៉ាង ខាត់
មាន៤ភាគ ដែលមានខ្លឹមសារ បំបែកមិត្ត គប់មិត្ត សង្គ្រាម
និងសន្តិភាព។(តួអង្គក្នុងភាគនីមួយៗជាតួអង្គសត្វ)ក្រៅពីនេះ  មានរឿងកុមារជាច្រើនទៀត ដែលបោះពុម្ពដោយ
ក្រសួងអប់រំ។
     3-សម័យរបបផ្តាច់ការប៉ុល ពត៣ឆ្នាំ៨ខែ និង២០ថ្ងៃ
ក្រៅពីកាប់សម្លាប់មនុស្ស ពួកវាបានលប់បំបាត់វប្បធម៌​ប្រពៃណីជាតិលើគ្រប់វិស័យ។ ក្នុងនោះមានអក្សរសិល្ប៍
កុមារផងដែរដែលគេលុបបំបាត់ចោល។
        4-សម័យរដ្ឋកម្ពុជា(១៩៧៩-៩៣)វប្បធម៌ ប្រពៃណី
ទំនៀមទម្លាប់ជាតិ ក្នុងនោះមានអក្សរសិល្ប៍កុមារផងដែរ
ត្រូវបានស្តារឲ្យរស់ឡើងវិញ។ ដូចជាលោកគ្រូ អ្នកគ្រូ និង
បណ្ណារក្សតាមសាលារៀនបាននិទានរឿងឲ្យកុមារស្តាប់។
តាមរយៈក្រសួងអប់រំ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និង
ទស្សនាវដ្តីនានា ក៏បានបោះពុម្ពរឿងកុមារឡើងវិញ។
        -អក្សរសិល្ប៍កុមារសម័យបច្ចុប្បន្ន(១៩៩៣-២០១១)​អក្សរសិល្ប៍កុមារបានរីកចម្រើនយ៉ាងខ្លាំងក្លា គឺយើងមិន
ត្រឹមតែអភិរក្សអ្វីៗដែលមានពីមុនមកទេ ទាំងរាជរដ្ឋាភិ​បាល ទាំងអង្គការ​ និង សមាគមនានាក្រៅរដ្ឋាភិបាល
ព្រមទាំងសហគ្រាសបោះពុម្ពឯកជនផ្សេងៗទៀត ក្នុងនោះ
ក៏មានអង្គការរូមធូរីដ ផងដែរដែលបាន​ នឹងកំពុងចូលរួម
​​​​​​ អភិវឌ្ឍលើផ្នែកអក្សរសិល្ប៍កុមារនេះ។ កន្លងមកអង្គការ
រូមធូរីដ បានបោះពុម្ពសៀវភៅរឿងដោយរូបភាពសម្រាប់
​​កុមារ និងសៀវភៅកំណាព្យរូបភាព​សម្រាប់កុមារ​ ដែលពី មុនមកមិនធ្លាប់មានដោយបានបោះពុម្ពពី៥០០០ច្បាប់ទៅ​
១០​ ០០០ច្បាប់ក្នុងមួយចំណងជើង។
   ​ជាក់ស្តែងថ្ងៃនេះ អង្គការរូមធូរីដ បានបើកសិក្ខាសាលា
ដើម្បីបង្កើនសមត្ថភាពអ្នកនិពន្ធរឿងខ្លីដោយរូបភាព រយៈ
ពេលខ្លីពីថ្ងៃទី១៦ទៅដល់ថ្ងៃទី២០ខែកុម្ភៈ​ឆ្នាំ២០១១នេះ។
                                                   សូមអរគុណ!
                                                      វ៉ែន សុន
  

No comments:

Post a Comment